កាលពីពេលថ្មីៗនេះ ប៉ូលីសថៃកំពុងបើកប្រតិបត្តិការស៊ើបអង្កេតទៅលើ «ករណីពពោះជំនួសដោយខុសច្បាប់» ដែលពាក់ព័ន្ធទៅនឹងការរៀបការរវាងបុរសជនជាតិចិននិងនារីថៃ ក្រោយពីស្ត្រីថៃម្នាក់បានដាក់ពាក្យបណ្តឹងថា នាងត្រូវបានរគូដណ្តឹងបោះបង់ចោល ក្រោយដឹងថាកូនដែលកំពុងនៅក្នុងផ្ទៃនាងគឺជាកូនស្រី មិនមែនជាកូនប្រុសដូចទៅនឹងការចង់បានរបស់ឪពុក។

លោក សុរាជាតិ ហាក់ផន អគ្គស្នងការរងនគរបាលជាតិ បាននិយាយកាលពីថ្ងៃទី២៥ ខែធ្នូថា លោកបានបញ្ជាឱ្យត្រួតពិនិត្យទៅលើករណីថ្មីមួយ ដែលជនជាតិចិនជាច្រើននាក់ អាចនឹងជាប់ពាក់ព័ន្ធនៅក្នុងរឿងក្តីការជួលឲ្យ “ពពោះជំនួសដោយខុសច្បាប់” ក្នុងប្រទេសថៃ ។

ការស៊ើបអង្កេតនេះបានចាប់ផ្តើមជាមួយនឹងករណីស្ត្រីជនជាតិថៃ មានឈ្មោះថា ណាយ អាយុ ៣៦ ឆ្នាំម្នាក់ បានប្រាប់ប៉ូលីសថានាងត្រូវបានគូដណ្តឹងជនជាតិចិនបោះបង់ចោល បន្ទាប់ពីនាងមានផ្ទៃពោះ ហើយបុរសចិននោះបានដឹងថា កូននៅក្នុងផ្ទៃនាងជាកូនស្រី មិនមែនកូនប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi99haI6ViFwcI-b1STWe-9bTO_YSv6gcwvFlP1md5KpSFH8X_LEwt8hIw7d5eovsqmC0Jr2epejooX05Sf8VSswYhyphenhyphenK5-TEtLHKECGPiRPBpcfJnaM9Dj8zQkG6uBj0HEkf05f4lHRQco9GHoxynAt0OwrnNYdNKv5WXyThZaLTVAjGyiwVv10odC0cjg/s620/photo_2023-12-29_15-06-50.jpg

ណាយបាននិយាយថា នាងធ្វើការជាតារាបង្ហាញម៉ូដ ហើយបានរស់នៅជាមួយម្ដាយ និងប្អូនស្រីរបស់នាងក្នុងខុនដូមួយនៅផ្លូវ Rama IX នាទីក្រុងបាងកក។ គ្រាមួយគឺមានស្ត្រីជនជាតិចិន ម្នាក់ ដែលស្នាក់នៅក្នុងអគារខុនដូរតែមួយគឺតែងតែព្យាយាមមកបង្កើតភាពស្និតស្នាលជាមួយនាងនិងក្រុមគ្រួសារ ហើយបានណែនាំបុរសជនជាតិចិនជាច្រើននាក់ឱ្យស្គាល់នាង។ ទីបំផុត នាងបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយបុរសជនជាតិចិនម្នាក់ ដែលមានឈ្មោះថា Mr Zhang។

ដំបូងឡើយ ពួកគេទាក់ទងគ្នាតាមរយៈវីដេអូខល ដោយប្រើកម្មវិធីឆាតប៉ុណ្ណោះ។ បន្ទាប់មកនៅពីខែមិថុនា ឆ្នាំ២០២៣នេះ ពួកគេក៏បានណាត់ជួបគ្នានៅប្រទេសថៃ និងរស់នៅជាមួយគ្នាក្នុងរយៈពេលខ្លីផងដែរ។ បុរសចិននោះបានស្នើនិងសន្យារៀបការជាមួយនាងនៅខែកញ្ញា។ បន្ទាប់មកគាត់បានត្រឡប់ទៅប្រទេសចិនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgimZpG-7chkl9Hiw-FI_y297e5WtV99NUFEdLewm0R8RsbDG6gB7ZH-_gJxeDBZgyBcvzvDPyoj9M9ADePKzzLYAZ6SbGCjasDTeqgz2E2Z2vD8GlVPOQsDEexdi_gb_1vS1KHobzta33Sqj5Ksvr_cXuj4XfVjnMEjXjXvvnws0Kgh8Q0SrL6p7ud_z0/s800/photo_2023-12-29_15-08-11.jpg

ក្រោយមកនៅចុងខែមិថុនា នាងបានដឹងថាខ្លួនកំពុងមានផ្ទៃពោះជាមួយបុរសចិនដែលជួបគ្នាមុននោះ។ រួចនាងក៏បានប្រាប់ទៅបុរសចិននោះ ហើយគាត់បានសុំពន្យារពេលពិធីមង្គលការរហូតដល់ខែតុលា ដោយនិយាយថាគាត់រវល់ខ្លាំងណាស់។ ម៉្យាងវិញទៀត គាត់ក៏តែងតែសួរចង់ដឹងពីភេទរបស់កូនដែលមិនទាន់កើតផងដែរ។ នៅចុងខែកញ្ញា នាងបានរកឃើញថា ក្មេងនៅក្នុងផ្ទៃខ្លួនជាកូនស្រី រួចក៏បានជូនដំណឹងទៅ តែបុរសចិនរូបនេះគឺបានបញ្ឈប់ការទាក់ទងជាមួយនាងភ្លាមៗ ដោយហេតុថាជនជាតិចិនចង់បានតែកូនប្រុសប៉ុណ្ណោះ។

ភ្នាក់ងាស៊ើបអង្កេតក៏បានសន្និដ្ឋានដែរថា បច្ចុប្បន្ននេះ បុរសជនជាតិចិនកំពុងព្យាយាមស្វែងរកនារីថៃនិងឡាវស្អាតៗ ដើម្បីបង្កើតកូនប្រុសឲ្យខ្លួន ដោយហេតុថាស្ត្រីជនជាតិចិនមិនសូវចាប់អារម្មណ៍លើការរៀបអាពាហ៍ពិពាហ៍និងយកកូននោះទេ។

ទោះជាយ៉ាងណា ភ្នាក់ងារប៉ូលីសថៃគឺកំពុងតែស៊ើបអង្កេតរឿងនេះបន្ថែមទៀត ព្រោះថានេះមិនមែនជាលើកទី១ទេ គឺមាននារីថៃជាច្រើននាក់ណាស់ដែលបានរងគ្រោះដោយសាររឿងនេះដូចគ្នាផងដែរ៕