បរទេស៖ Cristiano Ronaldo ក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេប្រចាំឆ្នាំ ២០២៣ ដោយរកបាន ៥៣ គ្រាប់ វ៉ាដាច់សមិទ្ធផលរបស់ Harry Kane និង Kylian Mbappe ដែលកីឡាករទាំងពីរនេះស៊ុតបញ្ចូលទីបានត្រឹមតែ ៥២ គ្រាប់ប៉ុណ្ណោះ។
យោងតាមគេហទំព័រអន្តរជាតិ Anadolu Ajansi ដែលបានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូថា ប្រធានក្រុម Al Nassr Cristiano Ronaldo ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២៣ បន្ទាប់ពីឈានដល់គ្រាប់ទី ៥៣ របស់គាត់ទល់នឹង AI Ittihad។
កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ ៣៨ ឆ្នាំរូបនេះបានស៊ុតបាល់ប៉េណាល់ទីពីរដោយជោគជ័យក្នុងការឈ្នះ ៥-២ របស់ Al Nassr លើក្រុម Al Ittihad ក្នុងជុំទី ១៨ នៃ Saudi Pro League។ ដូច្នេះហើយ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះទំនងជានឹងឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំឆ្នាំ ២០២៣ នេះផងដែរ។
Ronaldo ក៏បានវ៉ាដាច់សមិទ្ធផលរបស់ Harry Kane នៅក្រុម Bayern Munich និង Kylian Mbappe នៅក្រុម Paris Saint-Germain ដែលកីឡាករទាំងពីរនេះស៊ុតបញ្ចូលទីបាន ៥២ គ្រាប់ ខណៈ Erling Haaland ដែលលេងឱ្យ Manchester City រកបាន ៥០ គ្រាប់។
ទោះជាយ៉ាងណាក៏ដោយ Ronaldo, Kane និង Mbappe បានបញ្ចប់ការប្រកួតរបស់ពួកគេហើយនៅឆ្នាំនេះ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិន័រវេស Haaland ទំនងជានឹងបង្ហាញខ្លួននៅ Premier League ចំនួនពីរលើកនៅចុងឆ្នាំនេះ ដោយ Manchester City គ្រោងជួប Everton នៅថ្ងៃទី២៨ និង Sheffield United នៅថ្ងៃទី ៣០ ខែធ្នូ៕