ថ្មីៗនេះ ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក Prius បានបើកបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលនេះបានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥:០៦នាទី បង្កឡើងរវាងរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបុកម៉ូតូម៉ាក ហុងដា សេ១២៥ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ។

លុះដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:១៤នាទី ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក់ Prius មានឈ្មោះ អ៉ឹងសុទ្ធ ដាវី ភេទស្រី បានចូលខ្លួនមកសារភាពនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕