បរទេស៖ មហាសេដ្ឋីអាមេរិកម្នាក់ឈ្មោះ Bryan Johnson អាយុ ៤៦ ឆ្នាំបានសាកល្បងការកែសម្រួលហ្សែនដើម្បីបញ្ច្រាសភាពចាស់ទោះបីជាវិធីសាស្ត្រនេះមិនត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ក៏ដោយ។
យោងតាមគេហទំព័រអន្តរជាតិមួយ បានឱ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានចំណាយប្រាក់ប្រហែល ២ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំលើកម្មវិធី Project Blueprint ដើម្បីរស់នៅបានយូរ និងបញ្ច្រាសអាយុជីវសាស្ត្រ។ ដោយថ្មីៗនេះ គាត់បានចាប់ផ្តើមទៅកោះ Caribbean ដើម្បីសាកល្បងវិធីព្យាបាលនេះ រួមទាំងការកែសម្រួលហ្សែនជាមួយនឹងការចាក់ថ្នាំ follistatin ផងដែរ។
Follistatin គឺជាប្រូតេអ៊ីននៅក្នុងខ្លួនមនុស្សដែលត្រូវបានគេគិតថាអាចជួយបង្កើនម៉ាសសាច់ដុំ និងកាត់បន្ថយការរលាក។ ដូច្នេះលោក Johnson បានទទួលយកការព្យាបាលដំបូងដែលផ្តល់ដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Minicircle នៅក្នុងខែកញ្ញា ដែលជាក្រុមហ៊ុនគាំទ្រដោយមហាសេដ្ឋី Peter Thiel និងនាយកប្រតិបត្តិ OpenAI លោក Sam Altman ។ ហេតុនេះហើយ ជាមធ្យមការចាក់ថ្នាំនេះម្តងត្រូវចំណាយអស់ ២៥.០០០ ដុល្លារអាមេរិក។
ទោះជាយ៉ាងណាក៏ដោយគួរកត់សំគាល់ដែរថាការព្យាបាលនេះមិនត្រូវបានអនុម័តដោយ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក FDA ទេ។ អ្នកវិទ្យាសាស្ត្រខ្លះក៏មិនទាន់ប្រាកដដែរថាការសាកល្បងនេះអាចដំណើរការបានឬអត់នោះទេ នេះបើយោងតាមរបាយការណ៍បាននិយាយថាក្រុមហ៊ុនមិនទាន់បានបញ្ចេញទិន្នន័យស្តីពីការសាកល្បងព្យាបាលរបស់ខ្លួននៅឡើយទេ។ ទោះជាយ៉ាងណាលោក Johnson បានសរសេរនៅលើ Instagram ថា “កាលពីម្សិលមិញខ្ញុំបានទទួលការព្យាបាលដោយហ្សែនដំបូងរបស់ខ្ញុំគឺ follistatin “។
យោងតាមមហាសេដ្ឋីវ័យ ៤៦ ឆ្នាំរូបនេះបាននិយាយថា ក្រុមវេជ្ជបណ្ឌិតនៅ Project Blueprint បានជួយគាត់ឱ្យមានស្បែកក្មេងជាងវ័យដូចអាយុ ២៨ ឆ្នាំ បេះដូងអាយុ ៣៧ ឆ្នាំ និងសមត្ថភាពសួតរបស់គាត់ដូចអាយុ ១៨ ឆ្នាំ។ ការអះអាងទាំងនេះមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។ គោលគំនិតពិតប្រាកដនៃ “អាយុជីវសាស្រ្ត” នៅតែត្រូវបានជជែកវែកញែកយ៉ាងខ្លាំង។
ទោះបីជាលោក Johnson កំពុងចំណាយប្រាក់រាប់លានលើការប្រឆាំងភាពចាស់ក៏ដោយ ក៏សហស្ថាបនិករបស់ Minicircle លោក Mac Davis និយាយថាក្រុមហ៊ុនមិនគិតប្រាក់ដល់មហាសេដ្ឋីនោះទេ។ Davis បានពន្យល់ថា “Johnson គឺជាមនុស្សដែលមានទម្រង់ខ្ពស់បំផុតដែលមិនធ្លាប់មកព្យាបាល ដូច្នេះគាត់កំពុងផ្តល់ឱ្យយើងនូវតម្លៃច្រើនជាងអ្វីដែលយើងអាចផ្តល់ឱ្យគាត់” ។
គួរបញ្ជាក់ដែរថា Bryan Johnson គឺជាសហគ្រិនជនជាតិអាមេរិក អ្នកវិនិយោគទុន និងជាអ្នកនិពន្ធ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Kernel ដែលជាក្រុមហ៊ុនផលិតឧបករណ៍ដែលត្រួតពិនិត្យ និងកត់ត្រាសកម្មភាពខួរក្បាល និង OS Fund ដែលជាក្រុមហ៊ុនបណ្តាក់ទុនដែលវិនិយោគនៅក្នុងក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដំណាក់កាលដំបូង៕










