ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរជប៉ុនបានឈានមកដល់ដំណាក់កាលចុងក្រោយក្នុងការបញ្ជូនអាកាសយានិក យ៉ាងហោចណាស់ចំនួន២នាក់ ដើម្បីចូលរួមបំពេញបេសកកម្មបញ្ជូនមនុស្សទៅស្រាវជ្រាវនៅឋានព្រះច័ន្ទ ។ គម្រោងនេះស្ថិតនៅក្រោមគម្រោង Artemis របស់អង្គការ NASA សហរដ្ឋអាមេរិក ។
សារព័ត៌មានបរទេសរាយការណ៍ទៀតថា គេសង្ឃឹមថា ភ្នាក់ងាររុករកអវកាសជប៉ុន និងអង្គការ NASA របស់សហរដ្ឋអាមេរិក នឹងធ្វើការឯកភាពគ្នានៅដើមឆ្នាំ២០២៤ ។ ប្រសិនបើភាគីទាំងពីរឈានទៅសម្រេចកិច្ចព្រមព្រៀងនេះ វាគឺជាលើកដំបូងហើយដែលអាកាសយានិកជប៉ុនបានឡើងទៅកាន់ឋានព្រះច័ន្ទ ។
ក្រៅពីនេះ ប្រទេសជប៉ុននឹងផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាដើម្បីបង្កើតយានអវកាស Rover ស្រាវជ្រាវនៅឋានព្រះច័ន្ទផងដែរ ។ យានអវកាស Rover ត្រូវបានអភិវឌ្ឍន៍ឡើងដោយភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ជាក្រុមហ៊ុនផលិតរថយន្ត TOYOTA និងឧបករណ៍ផ្សេងទៀត ។
គម្រោង Artemis គឺជាការសហការគ្នារវាងសហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន ព្រមទាំងដៃគូក្នុងបណ្តាប្រទេសជាច្រើនទៀត ដើម្បីបញ្ជូនមនុស្សទៅស្រាវជ្រាវនៅឋានព្រះច័ន្ទ ឱ្យបានឆាប់រហ័សបំផុតនៅឆ្នាំ២០២៥ ។ គេមានបំណងអភិវឌ្ឍន៍វាឱ្យក្លាយជាគម្រោងស្រាវជ្រាវមួយប្រកបដោយនិរន្តរភាព ហើយក៏ជាគម្រោងស្រាវជ្រាវអវកាសដំបូងគេ ដែលមានគោលដៅបញ្ជូនមនុស្សទៅស្រាវជ្រាវនៅឋានព្រះច័ន្ទ ក្នុងរយៈពេលប្រមាណ៥០ឆ្នាំ ឬតាំងពីការស្រាវជ្រាវរបស់គម្រោង Apollo 17 កាលពីឆ្នាំ១៩៧២ ៕ ប្រភព ៖ TNN World










