ប្រទេសថៃ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃបានចុះផ្សាយថា ភ្ញៀវទេសចរបរទេសម្នាក់បានមកកម្សាន្តនៅខេត្តភូកេត ប៉ុន្តែនាងត្រូវបានអ្នកបើកបរតាក់ស៊ីជនជាតិថៃព្យាយាមចាប់អូសនាងចេញពីរថយន្ត ។ ពលរដ្ឋថៃនៅក្បែរនោះបានថតវីដេអូហេតុការណ៍នេះបង្ហោះក្នុងបណ្តាញសង្គម និងធ្វើឱ្យមានការងឿងឆ្ងល់ថា តើនារីទេសចរម្នាក់នេះមានរឿងអ្វី ទើបនាងស្រែកឱ្យគេជួយបែបនេះ ។
បើតាមវីដេអូបង្ហាញថា បុរសជនជាតិថៃជាអ្នកបើកបររថយន្តតាក់ស៊ីបានចុះមកបើកទ្វាររថយន្តខាងក្រោយ បន្ទាប់មក ក៏ចាប់ទាញដៃនាងឱ្យចុះពីលើរថយន្តនៅស្ថានីយចាក់ប្រេងមួយកន្លែងក្នុងខេត្តភូកេត ។ ភ្លាមនោះ នារីខាងលើបានស្រែកថា «Help me, Help me » ដើម្បីឱ្យគេជួយនាង ។
ក្រោយមក អ្នកលេងបណ្តាញសង្គមជាច្រើននាក់បានចែកចាយវីដេអូនេះ ធ្វើឱ្យបុរសអ្នកបើកបរតាក់ស៊ីចេញមុខបកស្រាយថា ៖ «ខ្ញុំបានដឹកនាងពីស្រុកថាឡាង ហើយពេលធ្វើដំណើរតាមផ្លូវ នាងសួរថា តើបិទម៉ាស៊ីនត្រជាក់រថយន្តបានទេ ព្រោះនាងចង់បើកកញ្ចក់វិញ? ខ្ញុំក៏បិទម៉ាស៊ីនត្រជាក់ឱ្យនាង ស្រាប់តែនាងសួរខ្ញុំថា ហេតុអ្វីម៉ាស៊ីនត្រជាក់រថយន្តនៅតែត្រជាក់? ខ្ញុំក៏ប្រាប់នាងថា ខ្ញុំបើកតែម៉ាស៊ីនត្រជាក់នៅផ្នែកខាងមុខប៉ុណ្ណោះ» ។
បុរសអ្នកបើកតាក់ស៊ីបន្តថា ៖ «ស្រាប់តែនាងស្រែកឡូឡាមិនឈប់ រហូតមកដល់ស្ថានីយចាក់ប្រេងមួយកន្លែង នាងនៅតែឡូឡាទៀតក្នុងអំឡុងពេលខ្ញុំកំពុងចាក់ប្រេងរថយន្ត ។ បន្ទាប់មក នាងក៏បានធាក់ទ្វាររថយន្ត ទើបខ្ញុំទ្រាំលែងបាន ខ្ញុំក៏ចុះពីរថយន្ត ហើយមកទាញដៃនាងឱ្យចុះពីរថយន្ត ដូចគ្រប់គ្នាបានឃើញក្នុងវីដេអូ ។ ខ្ញុំបានទូរស័ព្ទទៅប៉ូលិសឱ្យមកជួយជជែកជាមួយនាង» ។
បុរសអ្នកបើកបររថយន្តតាក់ស៊ីបន្ថែមថា ៖ «ប៉ូលិសក៏អញ្ជើញខ្ញុំ និងនាង មកជជែកគ្នាឱ្យដឹងរឿងឃើញថា វាជាការយល់ខុស ។ ខ្ញុំក៏បានសូមទោសអតិថិជន បន្ទាប់មក ខ្ញុំក៏បើករថយន្តជូននាងទៅកន្លែងស្នាក់នៅមុន ហើយនាងក៏យល់ព្រមជិះរថយន្តមកវិញជាមួយខ្ញុំ» ។
សារព័ត៌មានថៃបញ្ជាក់ថា ករណីនេះជាការយល់ខុស និងស្តាប់មិនយល់ភាសារៀងៗខ្លួន ប៉ុន្តែនារីជាជនបរទេសមិនបានដាក់ពាក្យបណ្តឹងអ្វីទេ ។ ចុងក្រោយ សមត្ថកិច្ចថៃបានសំណូមពរថា សូមកុំធ្វើបែបនេះទៀត ពីព្រោះវានឹងបណ្តាលឱ្យប៉ះពាល់ដល់មុខមាត់ និងវិស័យទេសចរណ៍នៅខេត្តភូកេត ៕










