មួយរយៈចុងក្រោយនេះតារាពហុជំនាញ ខាត់ សុឃីម ហាក់មានប្រធានបទជជែកលើបណ្តាញសង្គមបន្ទាប់ពីបង្ហើរសម្តីរបស់ខ្លួនហើយត្រូវគេទាញចូលទៅពាក់ព័ន្ធនឹងជម្លោះបញ្ហាគ្រួសារគេទៀតផង។ យ៉ាងណាមិញ រឿងមួយទៀតតែស្ងប់ស្ងាត់ស្រាប់តែមានរឿងថ្មីមួយទៀតបានផុសឡើងបន្ទាប់ពីអ្នកនាងបានបង្ហោះប្រយោគមួយពាក់ព័ន្ធនឹងអ្នកមានលទ្ធភាពដើរលេងក្រៅប្រទេសខ្លះសរសើរថាប្រទេសគេស្អាតប៉ុន្តែបែរជានៅប្រទេសខ្លួនឯងនៅចោលផ្តេសផ្តាសទៅវិញដែលប្រយោគនេះបានក្លាយជាប្រធានបទជជែកសូម្បីតែកីឡាការិនី ស្រួង ភាវី ក៏ចូលលូកមាត់លើរឿងនេះដែរ។
កាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២៣ អ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរមួយថា «ឆ្ងល់ខ្លាំងណាស់? អ្នកខ្លះទៅលេងស្រុកគេនិយាយថាសរសើរប្រទេសគេស្អាត តែមកដល់ស្រុកខ្លួនឯង សំរាមបោះចោលតាពាស»។ សម្តីនេះដែរ បានធ្វើឱ្យម្ចាស់មេដាយមាសស៊ីហ្គេម ស្រួង ភាវី បានចូលទៅបញ្ចេញមតិផ្ទុយពីអ្នកនាង ខាត់ សុឃីម ដោយលើកឡើងថាអ្នកមានលទ្ធភាពដើរលេងក្រៅប្រទេសមិនចោលសំរាមផ្តេសផ្តាសឡើយ ប៉ុន្តែជាអ្នកដែលខ្វះការអប់រំ។ អ្នកនាង ស្រួង ភាវី ថា «សម្រាប់ខ្ញុំគិតថា អ្នកដែលមានលទ្ធភាពបានដើរលេងស្រុកគេ មិនដូច្នេះឡើយ ដោយច្រើនគឺអ្នកខ្វះការអប់រំ ហើយអ្នកដែលចោលសំរាមតាពាសនោះ ដោយច្រើនមិនដែលបានដើរស្រុកគេទេ»។
មិនត្រឹមតែកីឡាការិនីឆ្នើមរូបនេះមានមតិយោបល់ផ្ទុយពីការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ប៉ុណ្ណោះទេងាកទៅអ្នកលេងបណ្តាញសង្គមផ្សេងទៀតក៏បានបញ្ចេញមតិវែកញែកលើរឿងនេះដូចគ្នា។ អ្នកខ្លះថាក៏យល់ស្របតាមការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ចំណែកឯអ្នកខ្លះទៀតក៏បានយល់ស្របតាមការលើកឡើងរបស់អ្នកនាង ស្រួង ភាវី។
អ្នកលេងបណ្តាញសង្គម លើកឡើងថា «ខ្ញុំក៏ជួបមនុស្សបែបនឹងដែរបង បើមិនជួបក៏មិនជឿថាមានដែរ, អ្នកដែលចោលសំរាមតាពាសនោះ ដោយច្រើនមិនដែលបានដើរស្រុកគេ, តាមការយល់ឃើញរបស់ខ្ញុំ មនុស្សដែលទទួលបានការអបរំនិងយល់ដឹងពីអនាម័យបរិស្ថានមិនចោលសំរាមផ្តេសផ្តាសទេ តែមនុស្សមួយចំនួនដែលចោលសំរាម គឺជាមនុស្សដែលខ្វះការអបរំយល់ដឹង ផ្ទុយទៅវិញមនុស្សដែលដើរស្រុកគេភាគច្រើនមិនចោលសំរាមផ្តេសផ្តាសទេជាការយល់ឃើញរបស់ខ្ញុំ»។ អ្នកលេងបណ្តាញសង្គមផ្សេងទៀតបានសរសេរថា ចំណែកអ្នកខ្លះទៀតបានដើរលេងឃើញកន្លែងគេស្អាតលើកទូរសព្ទថត ចំណែកកន្លែងការងារខ្លួនឯងមូលក្រដាសបោះពាសវាលពាសកាល។
មិនត្រឹមតែមានការលើកឡើងខាងលើនេះទេ ប៉ុន្តែក៏មានមតិយោបល់ច្រើនជាងនេះទៀតទៅលើការបង្ហោះរបស់អ្នកនាង ខាត់ សុឃីម និងមតិយោបល់របស់អ្នកនាង ស្រួង ភាវី ផងដែរ៕










