ក្នុងដំណើរជីវិតគូពិតជាមិនទៀងទាត់មែន គូស្នេហ៍ខ្លះក៏សមប្រកប ចំណែកឯគូស្នេហ៍ខ្លះទៀតក៏ជួបប្រទះបញ្ហាឈានដល់ប្រេះឆាមិនអាចផ្សះផ្សាគ្នាបាន។ ស្របពេលដល់រដូវកាលដែលគូស្នេហ៍មួយចំនួនចែករំលែកក្តីស្រលាញ់ជាមួយគ្នាតែគូស្នេហ៍របស់ តារាចម្រៀង ពេជ្រ សោភា និង លោក ឆឹម សក្កដា បែរត្រូវមកបែកគ្នាទៅវិញដូចអំបិលត្រូវទឹកហើយអ្នកគាំទ្រមិនអាចឃើញថ្ងៃមង្គលរបស់អ្នកទាំងពីរឡើយ។
កាលពីយប់ថ្ងៃទី២៣ ខែធ្នូ អ្នកនាង ពេជ្រ សោភា បាន Live ជជែកជាមួយអ្នកគាំទ្រព្រមទាំងបានដាក់ចំណងជើងថា «ពួកយើងបែកគ្នាហើយ» ដែលឃ្លានេះ ធ្វើឱ្យអ្នកគាំទ្រមានភាពងឿងឆ្ងល់យ៉ាងខ្លាំងថាជារឿងពិតឬគ្រាន់តែជាការនិយាយលេងសើចរឿងបែកគ្នាជាមួយតារាសម្តែង ឆឹម សក្កដា ។ ការដែលអ្នកគាំទ្រគិតថាជាចំណងជើងបែបលេងសើចនេះស្របពេលតារាចម្រៀងរូបនេះទើបតែបានទម្លាក់បទសេដនៅក្នុងផលិតកម្មរស្មីហង្សមាសមានចំណងជើងថា «គេចង់នៅម្នាក់ឯង»។
យ៉ាងណាមិញនៅក្នុងការ Live តារាចម្រៀង ពេជ្រ សោភា បានអះអាងថាពួកគេពិតជាបានបែកគ្នាពិតមែនមិនបានលេងសើចឡើយ ហើយនៅសុខៗមិនដែលមានអ្នកណាចង់នៅម្នាក់ឯងនោះទេ។ ពេជ្រ សោភា បន្ថែមថាដូចហ្វេនៗឃើញស្រាប់ខ្លួននិងលោក ឆឹម សក្កដា មិនបានបង្ហាញការស្និទ្ធស្នាលដូចមុនទេ ប៉ុន្តែអ្នកទាំងពីរនៅតែរាប់អានធ្វើការជាមួយគ្នាធម្មតា ខណៈតារាស្រីរូបនេះលើកឡើងទៀតថាបែកគ្នាលើកនេះខ្លួនមិនទុកបេះដូងឱ្យទំនេរយូរដូចពេលមុនឡើយ នឹងឆាប់បង្ហាញមុខគូស្នេហ៍ថ្មីតែម្តង។
ឆឹម សក្កដា និង ពេជ្រ សោភា បានសម្រេចដឹកដៃគ្នាភ្ជាប់ពាក្យកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីមានទំនាក់ទំនងស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ។ អ្នកទាំងពីរបានសាងភាពល្បីល្បាញជាមួយគ្នាយ៉ាងខ្លាំងបន្ទាប់ពីសម្តែងជាមួយគ្នាក្នុងបទ «មិត្ត១០០ឆ្នាំ»។
កាលពីមួយរយៈមុនក៏លេចធ្លាយដំណឹងដែរថា ពេជ្រ សោភា និងលោក ឆឹម សក្កដា បានផ្តាច់ពាក្យជាមួយគ្នាហើយ ខណៈថ្ងៃខួបកំណើតអ្នកនាង ពេជ្រ សោភា ក្នុងគម្រប់៤០ឆ្នាំ គេពុំឃើញលោក ឆឹម សក្កដា មានវត្តមានក្នុងពិធីជប់លៀងនោះទេ ផ្ទុយមកវិញឃើញវត្តមានរបស់លោក ឆន សុវណ្ណារាជ ប្រារព្ធខួបកំណើតយ៉ាងរីករាយជាមួយគ្នា។ ដំណឹងបែកគ្នាបានស្ងប់ស្ងាត់មកវិញ បន្ទាប់ពីលោក ឆឹម សក្កដា បង្ហោះរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។
គួរបញ្ជាក់ថា ពេជ្រ សោភា ក៏ធ្លាប់បានរៀបការម្តងហើយជាមួយអាណិកជនខ្មែរមកពីអាម៉េ រិក កាលពីខែកុម្ភៈ ឆ្នាំ២០១៥ តែចំណងអាពាហ៍ពិពាហ៍នេះបានឈានដល់ទីបញ្ចប់រហ័ស ដោយអ្នកទាំងពីរបានចែកផ្លូវគ្នានៅក្នុងឆ្នាំ២០១៦។ ជួបបញ្ហាខកស្នេហ៍ត្រូវបែកគ្នាជាមួយគូដណ្តឹងលើកនេះទៀតធ្វើឱ្យអ្នកគាំទ្រអាណិតដល់តារាចម្រៀងរូបនេះយ៉ាងខ្លាំងជួបស្នេហាសុទ្ធតែមិនសមប្រកប។ ការចែកផ្លូវគ្នានេះងាកទៅកាន់លោក ឆឹម សក្កដា បានរក្សាភាពស្ងៀមស្ងាត់ដោយមិនបានធ្វើការឆ្លើយតបអ្វីឡើយ៕










