ប្រទេសចិន ៖ ក្រុមអ្នកស្រាវជ្រាវចិនមកពីសាកលវិទ្យាល័យ Nankai បានបង្ហាញសម្លៀកបំពាក់ដើរដោយថាមពលពន្លឺព្រះអាទិត្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ សម្លៀកបំពាក់ប្រភេទនេះអាចជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយមនុស្ស និងធ្វើឱ្យអ្នកស្លៀកវាមានអារម្មណ៍សប្បាយរីករាយ បើទោះជាពួកគេស្ថិតនៅកន្លែងមានសីតុណ្ហភាពប្រែប្រួលក៏ដោយ ។

សម្លៀកបំពាក់ដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ពុំចាំបាច់ពឹងផ្អែកលើថាមពលពីខាងក្រៅទេ លើកលែងតែពន្លឺព្រះអាទិត្យ ។ ម្យ៉ាងទៀត វាខុសគ្នាពីសម្លៀកបំពាក់អាចគ្រប់គ្រងកំដៅ ដែលគេបានបង្ហាញនាពេលមុននេះ គឺនៅត្រង់វាអាចបង្កើតភាពកក់ក្តៅ និងភាពត្រជាក់តាមរយៈឧបករណ៍អគ្គិសនី ដែលអាចផ្លាស់ប្តូរសីតុណ្ហភាពដោយប្រើប្រាស់វិធីចំនួន២ ក្នុងរយៈពេលពេញ១ថ្ងៃ ។

ការស្រាវជ្រាវមួយចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ថា ឧបករណ៍អគ្គិសនីអាចគ្រប់គ្រងសីតុណ្ហភាពបានរយៈពេល២៤ម៉ោង ក្រោយពីវាបានទទួលថាមពលពន្លឺព្រះអាទិត្យត្រឹមតែ១២ម៉ោង ។ ក្រៅពីនេះ ឧបករណ៍អគ្គិសនីអាចរក្សាសីតុណ្ហភាពស្បែករបស់មនុស្សឱ្យនៅកម្រិតល្មម គឺក្នុងចន្លោះពី៣២អង្សារសេ ទៅ៣៦អង្សារសេ បើទោះជាសីតុណ្ហភាពនៅខាងក្រៅប្រែប្រួលក្តី ។

ការស្រាវជ្រាវបង្ហាញទៀតថា ឧបករណ៍ថ្មីនេះអាចជួយឱ្យអ្នកស្លៀកសម្លៀកបំពាក់នេះមានអារម្មណ៍សប្បាយរីករាយគ្រប់ពេលវេលា ហើយវាក៏អាចជួយការពារជីវិតមនុស្សនៅក្នុងបរិយាកាសអាក្រក់ផងដែរ ដូចជា ៖ នៅក្នុងលំហ ឬនៅលើភពផ្សេង ជាដើម ៕จีนผุด 'เสื้อผ้าพลังแสงอาทิตย์' ช่วยคุมอุณหภูมิร่างกายมนุษย์