ប្រទេសអង់គ្លេស ៖ សារព័ត៌មានរបស់អង់គ្លេស Daily Mail បានរាយការណ៍កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ថា តុលាការកំពូលនៅទីក្រុង Manchester បានកាត់ទោសអតីតមន្ត្រីពន្ធនាគារម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោយពីនាងមានទំនាក់ទំនងផ្លូវ.ភេ.ទជាមួយអ្នកទោសប្រុស ។
នាង Joanne Hunter ជាអតីតមន្ត្រីពន្ធនាគារ អាយុ២៨ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយអ្នកទោសប្រុសម្នាក់ឈ្មោះ Connor Willis ក្នុងពន្ធនាគារមួយកន្លែងស្ថិតនៅទីក្រុង Salford ។ ក្នុងអំឡុងពេលនាងមានទំនាក់ទំនងជាមួយអ្នកទោសប្រុសនោះ នាងតែងតែផ្ញើរូបសិ.ចស៊ីរបស់នាងឱ្យអ្នកទោសមើលជាប្រចាំ ។ លើសពីនេះ នាងក៏បានលួចដឹកជញ្ជូនកញ្ឆាខុសច្បាប់ផងដែរ ។
នាង Joanne Hunter បានចូលបំពេញការងារជាមន្ត្រីពន្ធនាគារ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ។ នៅឆ្នាំ២០២០ ខាងពន្ធនាគារទទួលដំណឹងថា នាងបានលួចបញ្ជូនរបស់របរឱ្យអ្នកទោស បន្ទាប់មក ពន្ធនាគារបានហៅនាងមកសាកសួរ ។ នាងនិយាយថា នាងពិតជាមានទំនាក់ទំនងស៊ីជម្រៅជាមួយអ្នកទោសប្រុស និងផ្ញើរូបសិ.ចស៊ីឱ្យអ្នកទោសនោះមើលទៀតផង ។
ក្រៅពីនេះ នាងបានទទួលយកវត្ថុពីស្ត្រីមិនស្គាល់ឈ្មោះម្នាក់នៅផ្សារទំនើប ហើយនាងយកវត្ថុនេះទៅឱ្យអ្នកទោសប្រុសឈ្មោះ Connor Willis ។ អ្នកទោសប្រុសបានផ្តល់ប្រាក់ឱ្យនាង ចាប់ពី២៤១ដុល្លារ ទៅ៣៦១ដុល្លារអាមេរិក ដើម្បីតបស្នងនាងដែលបានលួចយកវត្ថុនេះមកឱ្យខ្លួន ។ ប៉ុន្តែនាង Joanne Hunter បដិសេធមិនព្រមទទួលយកប្រាក់នេះទេ ។
មេធាវីការពារក្តីរបស់នាង Joanne Hunter បានព្យាយាមការពារនាងថា នាងមិនធ្លាប់មានសង្សារ ឬទំនាក់ទំនងស្នេហាជាមួយអ្នកណាម្នាក់ទេពីមុនមក ដោយសារនាងផ្តោតទៅលើការសិក្សា និងធ្វើការប៉ុណ្ណោះ ។ ហេតុនេះ នាងជានារីសុភាពរាបសារម្នាក់ ទើបធ្វើឱ្យនាងក្លាយជាជនរងគ្រោះ ។
ទោះយ៉ាងណា ចៅក្រមមិនយល់ស្របជាមួយនឹងលើកឡើងរបស់មេធាវីទេ ដោយចៅក្រមបញ្ជាក់ថា ទង្វើរបស់នាងបានធ្វើឱ្យមិត្តរួមការងារ និងអ្នកទោសផ្សេងទៀតមានគ្រោះថ្នាក់ ។ នាងគួរតែដើរតួជាមន្ត្រីល្អមួយរូបនៅក្នុងប្រព័ន្ធច្បាប់ មិនមែនអាត្មានិយមបែបនេះទេ ៕










