នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ ជនល្មើស ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ ដែលបើកឡាន Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 បានបុកយុវជនម្នាក់បណ្តាលឱ្យបាត់បង់ជីវិត នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បានចូលមកសារភាពទោសកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ក្រោយពីស្ថានប័នអយ្យការចេញដីកាកោះហៅ។
ជននេះរងការចោទប្រកាន់ចំនួន២ករណី ទី១បើកបរដោយធ្វេសប្រហែស បណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត និងទី២បទរត់គេចខ្លួនពីកន្លែកើតហេតុ។
បើយោងតាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាពត្វកិច្ចដែលបទប្បញ្ញតិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពីបួនលានរៀល ទៅដប់ប្រាំលានរៀល។
ដោយឡែកនៅមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ បទរត់គេចខ្លួនពីកន្លែកើតហេតុ ជាអំពើប្រព្រឹត្ដដោយអ្នកបើកបរយានជំនិះ ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ហើយមិនព្រមឈប់ ហើយព្យាយាមរត់គេចខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជា ប្រាក់ពី មួយលានរៀល ទៅបួនលានរៀល។
បច្ចុប្បន្ន ក្រោយការសាកសួរកម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕













