ជប៉ុន៖ ប្រទេសជប៉ុនបានសម្លាប់ខ្លាឃ្មុំរាប់ពាន់ក្បាលជារៀងរាល់ឆ្នាំ ដោយសារការវាយប្រហារជាបន្តបន្ទាប់មកលើមនុស្សដែលបង្កឱ្យមានការប្រកាសអាសន្ន។
យោងតាមគេហទំព័រអន្តរជាតិ Nippon ដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូថា ខ្លាឃ្មុំព្រៃរាប់ពាន់ក្បាលបានផ្លាស់ទីចេញពីតំបន់ជនបទទៅជិតទីផ្សារក្បែរទីក្រុង ដើម្បីស្វែងរកអាហារ ដោយតំបន់ខ្លះបានឃើញចំនួនខ្លាឃ្មុំកើនឡើងបីដងក្នុងរយៈពេលជាងមួយទសវត្សរ៍។ ដូច្នេះចំនួននៃការមើលឃើញខ្លាឃ្មុំបានកើនឡើងជិតទ្វេដងនៅឆ្នាំនេះ ហើយការវាយប្រហារខ្លាឃ្មុំជាបន្តបន្ទាប់មកលើមនុស្សក៏បានបង្កឱ្យមានការប្រកាសអាសន្នផងដែរ។
ក្នុងឆ្នាំ ២០២៣ នេះមនុស្ស ៦ នាក់បានស្លាប់ និង ២១២ នាក់ទៀតបានរងរបួសដោយសារការវាយប្រហាររបស់ខ្លាឃ្មុំ ដែលជាឆ្នាំខ្ពស់បំផុតនៃអ្នកស្លាប់និងរបួសចាប់តាំងពីប្រទេសជប៉ុនបានកត់ត្រាទិន្នន័យក្នុងឆ្នាំ ២០០៦។ ក្រុមអ្នកជំនាញបាននិយាយថាចំនួននៃការវាយប្រហាររបស់ខ្លាឃ្មុំបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះដោយសារតែការថយចុះនៃអាហារ និងផ្លែឈើធ្វើឱ្យសត្វខ្លាឃ្មុំជាច្រើនក្បាលមានការស្រែកឃ្លាន។ បច្ចុប្បន្នចំនួនខ្លាឃ្មុំពណ៌ត្នោតនៅកោះហុកកៃមានចំនួនរហូតទៅដល់ ១១.៧០០ ក្បាល ច្រើនជាងទ្វេដងបើធៀបនឹងឆ្នាំ ១៩៩០។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុនបានសម្លាប់ខ្លាឃ្មុំជាមធ្យម ៤,៩០០ ក្បាលក្នុងមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ នេះបើយោងតាមក្រសួងបរិស្ថាន។ ដូច្នេះហើយនៅឆ្នាំ ២០២៤ ប្រទេសនេះគ្រោងនឹងបាញ់សម្លាប់សត្វខ្លាឃ្មុំប្រមាណ ៦,៣០០ ក្បាល ដោយអ្នកជំនាញជឿថាខ្លាឃ្មុំអាចនឹងកើនឡើងដល់ ៨,០០០ ក្បាលនៅឆ្នាំក្រោយ។
គួរបញ្ជាក់ដែរថា ប្រទេសជប៉ុនមានខ្លាឃ្មុំពីរប្រភេទគឺខ្លាឃ្មុំខ្មៅ និងខ្លាឃ្មុំត្នោត។ ខ្លាឃ្មុំខ្មៅតែងតែរស់នៅក្នុងព្រៃ ហើយជារឿយៗលាក់ខ្លួនពីមនុស្ស។ ទន្ទឹមនឹងនេះ ខ្លាឃ្មុំពណ៌ត្នោតដែលមានទំហំធំជាង តែងតែលេចឡើងកាន់តែជិតមនុស្ស ហើយអាចគំរាមកំហែង ឬវាយប្រហារទៅលើមនុស្សផងដែរ៕










