នាក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាឱ្យអនុវត្តនៅនឹងកន្លែងភ្លាមៗ ក្នុងករណីអ្នកបើកបរទាំងឡាយណា បង្កឱ្យមានគ្រោះថ្នាក់ ឬបាត់បង់ជីវិតអ្នកដទៃ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ត្រូវចាប់ និងត្រូវវ៉ៃខ្នោះភ្លាមបើមានការតវ៉ារ ឬអាងខ្នងដោយមិនចាំបាច់សុំគោលការពីថ្នាក់លើឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា៖”ខ្ញុំសូមប្រាប់ទៅបងប្អូនប៉ូលិសរបស់យើង ឬមួយអាវុធហត្ថអនុវត្តច្បាប់ក្នុងបទល្មើសជាក់ស្ដែង បើបងប្អូនអនុវត្តត្រឹមត្រូវ សូមអនុវត្តចុះ ហើយខ្នងបងប្អូនគឺជានាយករដ្ឋមន្ត្រី”។

សម្តេចធិបតី បានបញ្ជាក់ថា ក្នុងករណីអ្នកដែលអនុវត្តច្បាប់ត្រឹមត្រូវ បែរជាត្រូវបានមេរបស់ខ្លួនដកបញ្ឈរជើង ប្រាប់សម្តេច សម្តេចនឹងតំឡើងស័ក្កជូន ហើយនឹងចាត់វិធានការលើប្រធានអង្គភាព ដែលដាក់ទណ្ឌកម្មលើអ្នកដែលអនុវត្តត្រឹមត្រូវតាមច្បាប់ផងដែរ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖”បើមានភស្ដុតាងផឹកស្រវឹងបុកគេប៉ុណ្ណោះហើយ ឃាត់ខ្លួនយកទៅ ចាំបាច់សុំច្បាប់អីទៀត វត្ថុតាង និងសាក្សី នៅហ្នឹងហើយ ហើយបើនរណាសួរថា ម៉េចបានហ៊ានចាប់គេ គេខ្នងប៉ុណ្ណា សូមប៉ូលិសប្រាប់ទៅថា ខ្នងខ្ញុំគឺនាយករដ្ឋមន្រ្តី”៕