មហាជនពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងរួមទាំងសម្តែងក្តីអាណិតអាសូរយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថា ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia មានជំងឺទឹកនោមប្រៃរយៈពេល៣ឆ្នាំមកហើយទាំងខ្លួនវ័យក្មេង។ ទោះបីជាយ៉ាងនេះក្តី ចាន់ សុបញ្ញា នៅតែខំប្រឹងទាំងការសិក្សានិងសិល្ប: ខណៈរូបគេប្រលងជាប់បាក់ឌុបទទួលបាននិទ្ទេសCក្នុងឆ្នាំសិក្សា២០២២។
តាមរយៈវីដេអូមួយ បង្ហោះដោយលោក Eco Vaksong ជា អ្នកដឹកនាំសម្តែងនៅហង្សមាស បានឱ្យដឹងថា ចាន់ សុបញ្ញា មានជំងឺទឹកនោមប្រៃរយៈពេល៣ឆ្នាំមកហើយដូច្នេះរបបអាហារហូបចុកត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ តារាចម្រៀងវ័យក្មេងជាម្ចាស់ពានកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia បាននិយាយប្រាប់ថា ឆ្នាំដំបូងដែលកើតជំងឺនេះមានភាពលំបាកខ្លាំងពេលមិនតបប្រៃមានសភាពហើមដៃហើមជើង និងមុខផងដែរ។ ប៉ុន្តែនៅពេលហូបអាហារសាបមិនមានបញ្ហាហើមនោះទេហើយពេលនេះក៏ស្រួលខ្លួនមិនពិបាកដូចពេលដំបូងៗឡើយ។
លោក Eco Vaksong បាននិយាយថា ចាន់ សុបញ្ញា ជាមនុស្សស្លូតបូតខិតខំតស៊ូតាំងពីស្នាក់នៅក្នុងវត្ត មកប្រលងចម្រៀងរហូតទទួលជ័យលាភី ហើយក៏រស់នៅជាមួយមិត្តភក្តិនៅភ្នំពេញ ខណៈលោកក៏និយាយលើកទឹកចិត្ត ចាន់ សុបញ្ញា ឱ្យខិតខំបន្តទៀតនៅក្នុងឆាកជីវិត។ ក្នុងវីដេអូនោះដែរបានបង្ហាញឱ្យយើងឃើញថា ចាន់ សុបញ្ញា ម្ចាស់បទ «ស្រលាញ់អ្នកណាក៏គេមានសង្សារ» បានហូបបាយជាមួយពងទាសាបដោយមិនជ្រលក់អ្វីទាំងអស់ ខណៈអ្នកផ្សេងហូបអាហារឆ្ងាញ់ៗ។
គួរបញ្ជាក់ផងដែរថា ចាន់ សុបញ្ញា បានក្លាយជាម្ចាស់ពាន X-Factor Cambodia ទាំងវ័យក្មេងក្នុងវ័យ១៤ឆ្នាំក្នុងកម្មវិធីលំដាប់ពិភពលោកកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានយកឈ្នះ ចាន់ កូម៉ែន, គង់ ចំរើន និង សំ សុវណ្ណារ៉ាក់ ក្នុងវគ្គផ្តាច់ព័ត្រ។ សុបញ្ញា ជាអ្នកខេត្តកំពង់ចាម ដែលរស់នៅក្នុងជីវភាពលំបាកផងដែរ៕










