ប្រទេសថៃ ៖ នៅខែធ្នូ ឆ្នាំ២០២៣ ប៉ូលិសថៃបានប្រមូលកម្លាំងទៅត្រួតពិនិត្យទីតាំងធ្វើប្រហិតខុសច្បាប់មួយកន្លែង ដែលស្ថិតក្នុងឃុំឃ្លងស៊ី ស្រុកឃ្លងលួង ខេត្តប៉ាធុមថានី ។ បើតាមម្ចាស់ទីតាំងប្រាប់ថា ពួកគេបានលក់ចែកចាយប្រហិតទាំងនេះនៅតាមផ្សារណាត់ផ្សេងៗក្នុងទីក្រុងបាងកក និងលក់ឱ្យហាងគុយទាវ ។
តាមរយៈការត្រួតពិនិត្យឱ្យដឹងថា ទីតាំងធ្វើប្រហិតខុសច្បាប់ គឺជាកម្មសិទ្ធិរបស់នារីម្នាក់ឈ្មោះ Thandarin ។ ការធ្វើប្រហិតនៅទីនេះមិនត្រឹមត្រូវតាមអនាម័យនោះទេ ហើយបានកែច្នៃផ្ទះមកធ្វើជារោងចក្រធ្វើប្រហិត ។ ចំណែកបុគ្គលិកធ្វើប្រហិតវិញ គ្មានអ្នកណាម្នាក់ពាក់មួក និងពាក់ស្រោមដៃទេ ។
ពួកគេបានផ្សព្វផ្សាយថា ប្រហិតទាំងអស់ធ្វើឡើងពីសាច់ជ្រូកសុទ្ធ ប៉ុន្តែការពិត ពួកគេបានលួចយកសាច់មាន់មកផ្សំជាមួយកាកសំណល់សាច់ជ្រូក ដើម្បីកាត់បន្ថយការចំណាយដើមទុន ។ ហេតុនេះ ប៉ូលិសបានរឹបអូសប្រហិតច្រកថង់ ស្មើជាង១៧០ថង់ ព្រមទាំងឧបករណ៍ផ្សេងទៀតសម្រាប់ធ្វើប្រហិត ដែលស្មើទឹកប្រាក់ចំនួន២៤ម៉ឺនបាត ។
បើតាមការអះអាងរបស់ម្ចាស់ទីតាំងធ្វើប្រហិតខុសច្បាប់ឱ្យដឹងថា ពួកគេបានលក់ប្រហិតឱ្យអតិថិជននៅតាមផ្សារជាង១០កន្លែងក្នុងទីក្រុងបាងកក ហើយអតិថិជនភាគច្រើន គឺហាងគុយទាវ ។ ពួកគេអាចធ្វើប្រហិតបានប្រមាណ២០០គីឡូក្រាមក្នុង១ថ្ងៃ ហើយជាមធ្យម ស្មើនឹង៣.០០០គីឡូក្រាមក្នុង១ខែ ។
ជំហានដំបូង ប៉ូលិសបានចោទប្រកាន់ពីបទលក់ផលិតផលអាហារមិនត្រឹមត្រូវតាមការផ្សព្វផ្សាយ ដែលត្រូវពិន័យជាប្រាក់មិនលើស៣ម៉ឺនបាត ។ បន្ទាប់មក ប៉ូលិសបានយកផលិតផលទាំងនេះទៅវិភាគ ស្វែងរកសារធាតុបូរ៉ាក់ និងសារធាតុការពារកុំឱ្យខូចផលិតផល ។ ប្រសិនបើរកឃើញថា មានសារធាតុហាមឃាត់ទាំងនេះក្នុងផលិតផល អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ស្តីពីម្ហូបអាហារ ៕ ប្រភព ៖ khaosod










