បរទេស៖ ក្រុមហ៊ុនរចនាបន្ទះឈីបរបស់ចិនជាច្រើនបានកំពុងសម្លឹងមើលប្រទេសម៉ាឡេស៊ីដែលជាទីតាំងដ៏មានសក្តានុពលបំផុតក្នុងការដំឡើងបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួននាពេលអនាគត។
យោងតាមគេហទំព័រអន្តរជាតិ The Daily Star ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូថា ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិន បានជ្រើសរើសប្រទេសម៉ាឡេស៊ីជាកន្លែងសម្រាប់ដំឡើងម៉ូដែលបន្ទះឈីបកម្រិតខ្ពស់ជំនាន់ថ្មីរបស់ខ្លួន។ នេះបើតាមប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនបន្ទះឈីបរបស់ចិនគ្រោងនឹងដំឡើងបន្ទះឈីបកម្រិតខ្ពស់នៅម៉ាឡេស៊ី ក្នុងគោលបំណងការពារហានិភ័យ ក្នុងករណីដែលសហរដ្ឋអាមេរិកពង្រីកការដាក់ទណ្ឌកម្មលើឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន ដែលវាជាមូលហេតុដែលប្រទេសនេះមិនដំឡើងបន្ទះឈីបកម្រិតខ្ពស់ក្នុងប្រទេសរបស់ខ្លួន។
លោក John Chia ប្រធានក្រុមហ៊ុន Unisem ដែលជាក្រុមហ៊ុនជំនាញក្នុងការវេចខ្ចប់ និងសាកល្បងបន្ទះឈីបនៅក្នុងប្រទេសម៉ាឡេស៊ី បាននិយាយថា “ដោយសារតែការដាក់ទណ្ឌកម្ម និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ក្រុមហ៊ុនជាច្រើនរបស់ចិន បានមកប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតប្រភពផ្គត់ផ្គង់ ដោយជួយពួកគេធ្វើអាជីវកម្មទាំងក្នុងស្រុក និងក្រៅស្រុក”។
បច្ចុប្បន្នម៉ាឡេស៊ីមាន ១៣% នៃទីផ្សារពិភពលោកសម្រាប់ការវេចខ្ចប់ ការដំឡើង និងការធ្វើតេស្ត ហើយមានបំណងបង្កើនសមាមាត្រដល់ ១៥% នៅឆ្នាំ ២០៣០។ ឧស្សាហកម្មបន្ទះឈីប semiconductor របស់ប្រទេសនេះត្រូវបានចាត់ទុកថាមានតម្លៃសមរម្យ កម្លាំងពលកម្មដែលមានបទពិសោធន៍ និងឧបករណ៍ទំនើប។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបន្ទះឈីបចិនជាច្រើនបានប្រកាសពីផែនការពង្រីកប្រតិបត្តិការនៅទីនេះ។ ជាពិសេស Xfusion ដែលជាអតីតអង្គភាពរបស់ក្រុមហ៊ុន Huawei បាននិយាយថា ខ្លួននឹងសហការជាមួយ NationGate របស់ប្រទេសម៉ាឡេស៊ី ដើម្បីផលិតម៉ាស៊ីនមេសម្រាប់មជ្ឈមណ្ឌលទិន្នន័យ និងកុំព្យូទ័រដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍ AI នាពេលអនាគត។
មិនត្រឹមតែប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ក្រុមហ៊ុនមួយចំនួនទៀតដូចជា JCET Group ដែលជាក្រុមហ៊ុនវេចខ្ចប់បន្ទះឈីបធំជាងគេទី ៣ របស់ពិភពលោកក៏បានទិញកន្លែងធ្វើតេស្តកម្រិតខ្ពស់នៅប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២១ ផងដែរ៕










