បរទេស៖ ទុរេនប្រភេទ Musang King របស់ម៉ាឡេស៊ីត្រូវបានលក់ចេញក្នុងតម្លៃ ១៨៥,០០០ រីងហ្គីត (ប្រមាណ ៣៩,៤៩៦ ដុល្លារអាមេរិកក្នុងមួយផ្លែ) ដែលបានក្លាយជាទុរេនថ្លៃបំផុតក្នុងពិភពលោក។
យោងតាមគេហទំព័រអន្តរជាតិ The Star ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែធ្នូថា ទុរេនប្រភេទ Musang King ត្រូវបានដាំដុះនៅក្នុងតំបន់ Raub នៃរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។ ដូច្នេះការដាក់លក់ទុរេនមួយផ្លែនេះត្រូវបានរៀបចំឡើងតាមរយៈពិធីដេញថ្លៃមួយ ខណៈដែលពិធីដេញថ្លៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីវប្បធម៌ និងធនធានធម្មជាតិសំខាន់ៗមួយចំនួនដែលមាននៅក្នុងរដ្ឋ Pahang។
លោក Fadzli Mohamad Kamal ប្រធានគណៈកម្មាធិការ Pahang សម្រាប់ទំនាក់ទំនង និងពហុប្រព័ន្ធផ្សព្វផ្សាយយុវជន កីឡា បាននិយាយថា ការដេញថ្លៃសម្រាប់ផ្លែធុរេនបានចាប់ផ្តើមដំបូងនៅតម្លៃត្រឹមតែ ២,០០០ រីងហ្គីត (ប្រមាណ ៤២៧ ដុល្លារអាមេរិក) ប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍រៃអង្គាសថវិកាកាលពីថ្ងៃទី ១៧ ខែធ្នូ កន្លងទៅប៉ុន្តែតម្លៃនេះបានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យការដេញថ្លៃបានកើនឡើងរហូតដល់ ១៨៥,០០០ រីងហ្គីត (ប្រមាណ ៣៩,៤៩៦ ដុល្លារអាមេរិកក្នុងមួយផ្លែ)។
ទោះជាយ៉ាងណាក៏ដោយយោងតាមលោក Fadzli ក៏បានបន្ថែមទៀតថា ប្រាក់ចំណូលដែលបានមកពីការដេញថ្លៃនេះត្រូវបានបរិច្ចាគទៅឱ្យ Sekolah Menengah Kebangsaan (SMK) Sungai Ruan ដែលជាសាលានៅ Raub ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។
គួរបញ្ជាក់ដែរថា Musang King គឺជាប្រភេទទុរេនដែលពេញនិយមបំផុតទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ ទុរេនប្រភេទនេះមានតម្លៃថ្លៃជាងពូជទុរេនដទៃទៀត ដោយសារវាជាប្រភេទទុរេនបន្លាខ្មៅរួមផ្សំគ្នានៃរសជាតិជូរចត់ និងផ្អែម ក៏ដូចជាប្រភេទពូជកម្រផងដែរ។ លើសពីនេះ Musang King ក៏ជាទុរេនដ៏មានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសចិនផងដែរ៕










