ប្រទេសបារាំង ៖ ការផ្លាស់ប្តូរទីលំនៅអាចជាការឈានទៅរកជីវិតដ៏ល្អប្រសើររបស់មនុស្សជាច្រើននាក់ ប៉ុន្តែសម្រាប់ជនភៀសខ្លួនដែលមកធ្វើការនៅប្រទេសបារាំង ពួកគេកំពុងប្រឈមនឹងការធ្វើវិសោធនកម្មច្បាប់របស់បារាំង ហើយមិនដឹងថា តើវានឹងកើតឡើងនៅពេលណាទេ ។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សភាតំណាងរាស្ត្របារាំងបានបដិសេធការធ្វើវិសោធនកម្មច្បាប់ជនអន្តោប្រវេសន៍ ដែលស្នើឡើងដោយប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាគ្រង ។ ការធ្វើវិសោធនកម្មច្បាប់នេះ គឺអាចដកលិខិតអនុញ្ញាតធ្វើការរបស់ជនបរទេស និងបណ្តេញពួកគេចេញពីប្រទេសបារាំងបាន ករណីពួកគេប្រព្រឹត្តទង្វើខុសច្បាប់ណាមួយ ។ ទោះយ៉ាងណា ការបដិសេធនេះមិនបានធ្វើឱ្យការធ្វើវិសោធនកម្មច្បាប់ត្រូវបានគេលុបចោលទេ ។
លោក ស៊ូឡេម៉ាណេ ប័ររី ជនជាតិហ្គីណេ អាយុ២០ឆ្នាំ ដែលគ្មានលិខិតអនុញ្ញាតធ្វើការនៅប្រទេសបារាំង និយាយថា វាកាន់តែលំបាកខ្លាំងឡើង និងធ្វើឱ្យជនបរទេសធ្វើការនៅបារាំងជាច្រើននាក់ព្រួយបារម្ភ ។ លោកថា ៖ «ការពិត វាជាការងារមួយដែលខ្ញុំចូលចិត្តធ្វើ ព្រោះខ្ញុំតែងភ្ញាក់ពេលព្រឹកព្រលឹមស្រាប់ហើយ ។ ការងារនេះជាការប្រើប្រាស់កម្លាំងកាយ ហើយខ្ញុំបានសម្រេចចិត្តធ្វើនំ ព្រោះវាជាការងារល្អបំផុតលើពិភពលោក» ។
បុរសជនជាតិហ្គីណេម្នាក់នេះកំពុងតែប្រឈមនឹងប៉ូលិសបារាំងចាប់បញ្ជូនចេញពីប្រទេសបារាំង ហើយបដិសេធការស្នើសុំលិខិតអនុញ្ញាតធ្វើការរបស់គាត់ រហូតដល់២លើក ។ ម្ចាស់ហាងនំបានដាក់ពាក្យស្នើសុំធ្វើការតាមអនឡាញ និងស្នើឱ្យលោក ស៊ូឡេម៉ាណេ ប័ររី អាចរស់នៅប្រទេសបារាំងបន្តទៀត ដោយបញ្ជាក់ថា ជនភៀសខ្លួន គឺជាធនធានមនុស្សមានតម្លៃ ។ លើសពីនេះ ម្ចាស់ហាងនំបានសំណូមពរទៅកាន់រដ្ឋាភិបាលបារាំង ដែលកំពុងត្រួតពិនិត្យជនបរទេសគ្មានលិខិតអនុញ្ញាតធ្វើការ ដើម្បីឱ្យពួកគេធ្វើការដោយស្របច្បាប់នៅបារាំង ។
រីឯអ្នកស្រី ជូលៀត ហិកណាត ជាមេធាវីនិយាយថា ៖ «យើងបានទាមទារនៅតុលាការអស់រយៈពេល២ឆ្នាំហើយ តែគ្មានការលើកឡើងពីករណីនេះទេ ។ បើនិយាយអំពីឋានៈជាពលរដ្ឋបារាំង តាមគំនិតខ្ញុំ គឺតុលាការពុំបានពិចារណាទេ» ។
ការធ្វើវិសោធនកម្មច្បាប់ជនអន្តោប្រវេសន៍ គឺជាកូនសោរសំខាន់ដែលប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាគ្រង ព្យាយាមបង្ហាញឱ្យឃើញថា លោកកាន់តែរឹតបន្តឹងច្បាប់ជាងមុន ដើម្បីទទួលយកជនបរទេសមកធ្វើការនៅបារាំង និងជួយជំរុញសេដ្ឋកិច្ចជាតិផងដែរ ៕ ប្រភព ៖ TNN World










