យោងតាមគេហទំព័រ Lonely Planet បានឱ្យដឹងថា ភ្ញៀវទេសចរដែលចង់ធ្វើដំណើរទៅប្រទេសជប៉ុនចាំបាច់ត្រូវយល់ដឹងពីតិចនិចទាំងនេះ ដើម្បីងាយស្រួលធ្វើដំណើរ ក៏ដូចជាទទួលបានបទពិសោធន៍ល្អៗ ព្រោះដោយសារប្រទេសជប៉ុនជាធម្មតាមានពិធីសាសនាជាច្រើន ដែលជួនកាលអាចបង្កភាពមិនស្រួលដល់ភ្ញៀវទេសចរ។ ដូច្នេះខាងក្រោមនេះគឺ ១០ ចំណុចដែលអ្នកត្រូវចងចាំមុនពេលធ្វើដំណើរទៅប្រទេសជប៉ុន៖
១.ធ្វើការកក់ទុកមុន និងមកដល់ឱ្យទាន់ពេល៖ អ្នកទេសចរគួរតែកក់កន្លែងស្នាក់នៅឱ្យបានឆាប់ ជាពិសេសក្នុងឱកាសកំពូលដូចជាសប្តាហ៍ដំបូងនៃខែមករា ពិធីបុណ្យផ្ការីក ចុងខែមីនាដល់ខែមេសាជាដើម នឹងត្រូវមកដល់ឱ្យទាន់ពេល ពីព្រោះបុគ្គលិកទាំងអស់សុទ្ធតែកំណត់ពេលវេលាច្បាស់លាស់ក្នុងការពិនិត្យ ដូច្នេះនៅពេលអ្នកមកយឺត ឬហួសម៉ោងបុគ្គលិកអាចនឹងអវត្តមាន ។
២.រៀបចំអីវ៉ាន់របស់អ្នក៖ បន្ទប់នៅក្នុងប្រទេសជប៉ុនជាទូទៅមានទំហំតូច ដូច្នេះមិនមានកន្លែងច្រើនសម្រាប់ដាក់វ៉ាលីសំពីងសំពោងទេ។ លើសពីនេះ ការយកវ៉ាលីធំៗក៏បង្កភាពរអាក់រអួលសម្រាប់ភ្ញៀវទេសចរពេលប្រើមធ្យោបាយធ្វើដំណើរសាធារណៈផងដែរ។ ហេតុនេះហើយ អ្នកទេសចរគួរតែខ្ចប់អីវ៉ាន់ស្រាលៗពេលធ្វើដំណើរទៅប្រទេសជប៉ុន។
៣.ទិញស៊ីមដែលមានសមត្ថភាពទិន្នន័យខ្ពស់៖ អាស័យដ្ឋាននៅប្រទេសជប៉ុនមានការពិបាកក្នុងការរុករកខ្លាំងណាស់ សូម្បីតែអ្នកស្រុកក៏ដោយ។ ដូច្នេះ អ្នកទេសចរគួរតែទិញស៊ីមកាតដែលមានសមត្ថភាពទិន្នន័យខ្ពស់ ដើម្បីប្រើប្រាស់សម្រាប់កំណត់ទីតាំងក្នុងពេលធ្វើដំណើរ។
៤.ពាក់ស្បែកជើងដែលងាយស្រួលដោះចេញ៖ ក្រៅពីកត្តាផាសុកភាព អ្នកទស្សនាគួរតែជ្រើសរើសស្បែកជើងដែលងាយស្រួលដោះចេញ។ ព្រោះពេលមកដល់ប្រទេសជប៉ុន អ្នកទេសចរតែងតែទៅលេងកន្លែងកម្សាន្តបែបសាសនា ផ្ទះសំណាក់បែបប្រពៃណី និងញ៉ាំអាហារនៅភោជនីយដ្ឋានជាដើម ដោយកន្លែងទាំងនេះជារឿយៗតម្រូវឱ្យដោះស្បែកជើងចេញ។
៥.រៀនពីរបៀបប្រើបង្គន់៖ នៅប្រទេសជប៉ុន បង្គន់អេឡិចត្រូនិចមានប្រជាប្រិយភាពខ្លាំងជាមួយនឹងមុខងារសម្អាតនៅពេលចុចប៊ូតុង។ លើសពីនេះបង្គន់ជារឿយៗខ្វះកន្សែង និងមិនមានម៉ាស៊ីនសម្ងួតដៃ ដូច្នេះភ្ញៀវត្រូវរៀបចំយ៉ាងសកម្មផងដែរ។
៦.នាំយកសាច់ប្រាក់៖ ប្រសិនបើការធ្វើដំណើរទៅកាន់តំបន់ជនបទ ប័ណ្ណឥណទាន ឬការទូទាត់តាមអេឡិចត្រូនិកប្រហែលជាមិនត្រូវបានទទួលយកទេ។ ដូច្នេះភ្ញៀវត្រូវរៀបចំសាច់ប្រាក់ ក៏ដូចជាត្រូវដាក់លុយ និងកាតនៅក្នុងថាសក្បែរកន្លែងដាក់ប្រាក់ ជំនួសឱ្យការបង់ប្រាក់ដោយផ្ទាល់ទៅអ្នកគិតលុយ។
៧.ត្រូវដឹងពីរបៀបឈរ៖ នៅពេលប្រើជណ្តើរយន្ត អ្នកទស្សនាត្រូវតែឈរនៅម្ខាងជានិច្ច អាស្រ័យលើទីតាំង។ ជាឧទាហរណ៍ នៅតំបន់ Kanto និងភាគខាងកើត អ្នកត្រូវឈរនៅខាងឆ្វេង ប៉ុន្តែនៅ Kansai និងតំបន់ភាគខាងលិចវិញ អ្នកត្រូវឈរនៅខាងស្តាំ។
៨.ត្រូវដឹងពីរបៀបជិះរថភ្លើង៖ រថភ្លើងក្រោមដីនៅក្នុងទីក្រុងដំណើរការរហូតដល់ម៉ោង ១ កណ្តាលអាធ្រាតនៅពេលចុងក្រោយបំផុត។ ប្រសិនបើអ្នកខកខានការធ្វើដំណើរនេះ ជម្រើសតែមួយគត់របស់អ្នកគឺហៅតាក់ស៊ី ហើយវានឹងមានតម្លៃថ្លៃខ្លាំងណាស់។
៩.ពេលព្រឹកនៅទីក្រុងតូក្យូ៖ សម្រាប់អ្នកក្រុងតូក្យូ ការទៅធ្វើការពេលព្រឹកចាប់ពីម៉ោង ៧:៣០ ព្រឹកដល់ម៉ោង ៩:០០ ព្រឹក មនុស្សរាប់លាននាក់បានប្រមូលផ្តុំគ្នានៅលើរថភ្លើងនៅក្នុងទីក្រុង។ ដូច្នេះអ្នកដំណើរត្រូវមកឱ្យទាន់ពេលព្រោះអាចមិនមានកន្លែងអង្គុយគ្រប់គ្រាន់។
១០.រៀនពាក្យជាមូលដ្ឋានមួយចំនួន៖ ភាសាអង់គ្លេសគឺមានការពេញនិយមយ៉ាងខ្លាំងនៅតាមទីក្រុង និងតំបន់ទេសចរណ៍។ ទោះយ៉ាងណាក៏ដោយ នៅតំបន់ជនបទ ភាសានេះប្រហែលជាមិនមានប្រយោជន៍ទេ។ ជំនួសមកវិញ អ្នកទស្សនាគួរតែរៀនឃ្លាមូលដ្ឋានមួយចំនួនសម្រាប់ការទំនាក់ទំនងដូចជា អារីហ្គាតូ (សូមអរគុណ), តូរី (បន្ទប់ទឹក), ម៉ូឈីការី (យកទៅឆ្ងាយ), តេនណៃ ដឺ (ញ៉ាំនៅនឹងកន្លែង) ជាដើម៕










