ប្រទេសចិន ៖ សារមន្ទីរនានានៅទូទាំងប្រទេសចិនបានស្វែងរកវិធីថ្មីៗជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណា ឱ្យការដាក់តាំងវត្ថុបុរាណនានាមានភាពរស់រវើក និងជួយឱ្យអ្នកចូលទស្សនាងាយយល់ពីវត្ថុបុរាណទាំងនេះផងដែរ ។ គេសង្កេតឃើញថា សារមន្ទីរទាំងនេះបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងមានឧបករណ៍ជំនួយ ដើម្បីឱ្យអ្នកទស្សនាទទួលបានបទពិសោធន៍ជាច្រើន តាមរយៈការទស្សនា, ការស្តាប់ និងការប៉ះពាល់ដោយផ្ទាល់ ។
សារមន្ទីរ Sanxingdui គឺជាសារមន្ទីរថ្មីមួយក្នុងខេត្តស៊ីឈួន ប្រទេសចិន ដែលបានរៀបចំឡើងតាមបែបបច្ចេកវិទ្យាទំនើប និងមានការបង្ហាញវត្ថុបុរាណផ្នែកវប្បធម៌ជាច្រើន ។ សារមន្ទីរនេះមានបន្ទប់ដាក់វត្ថុបុរាណ ដែលគេបានបំពាក់ដោយបច្ចេកវិទ្យា 3D ដើម្បីឱ្យអ្នកចូលទស្សនាទទួលបានបទពិសោធន៍ផ្នែកបុរាណវិទ្យាដោយខ្លួនឯង ហើយពួកគេក៏អាចទស្សនាវត្ថុបុរាណផ្នែកវប្បធម៌យ៉ាងជិតស្និទ្ធ ។
រីឯសារមន្ទីរមួយកន្លែងទៀតឈ្មោះ Liang Zhu ស្ថិតនៅស្រុក Yuhang ទីក្រុង Hangzhou ខេត្ត Zhejiang ក៏បានប្រើប្រាស់បច្ចេកវិទ្យាទំនើបផងដែរ ។ សារមន្ទីរនេះ អនុញ្ញាតឱ្យអ្នកទស្សនាអាចពាក់វ៉ែនតានាំផ្លូវដ៏ឆ្លាតវៃ គឺនៅពេលពួកគេបានពាក់វ៉ែនតានេះហើយ ពួកគេនឹងអាចមើលឃើញវត្ថុបុរាណវប្បធម៌ឌីជីថលបាន ។
ជាមួយគ្នានេះ ការពាក់វ៉ែនតានាំផ្លូវឆ្លាតវៃធ្វើឱ្យពួកគេអាចឮសូរសំឡេងពន្យល់អំពីប្រវត្តិរបស់វត្ថុបុរាណនីមួយៗ ។ ដូច្នេះ វាធ្វើឱ្យវត្ថុបុរាណដែលដាក់បង្ហាញនៅសារមន្ទីរ Liang Zhu មានភាពរស់រវើក និងធ្វើឱ្យអ្នកចូលទស្សនាសារមន្ទីរកាន់តែងាយយល់ជាងមុន ៕
ប្រភព ៖ China face










