បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត បានបង្ហោះរូបភាពប៉ុន្មានសន្លឹកតុបតែងខ្លួនដូចជា Lisa សមាជិក BLACKPINK បានធ្វើឱ្យអ្នកគាំទ្រពោលសរសើរថាស្រស់ស្អាតមិនចាញ់គ្នានោះទេ។ ទោះយ៉ាងណា ការតុបតែងខ្លួនដូចទៅនឹងតារាចម្រៀង K-Pop មានដើមកំណើតថៃរូបនេះដែរ រឿន ណាត ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចូលមកខម្មិនបញ្ចេញប្រតិកម្មយ៉ាងច្រើនរហូតនាងសម្រេចចិត្តបិទកុំឱ្យមានការខម្មិនតែម្តង។
នៅយប់ថ្ងៃទី១៤ ធ្នូ កញ្ញា រឿន ណាត បានបង្ហោះរូបភាពអមជាមួយចំណងជើងថា «សរសើរខ្ញុំស្អាតម្នាក់មួយមកខ្ញុំឱ្យមួយម៉ឺន» ខណៈអ្នកគាំទ្ររបស់តារាស្រីរូបនេះចូលទៅកោតសរសើរនឹងបង្ហាញការស្រលាញ់ទៅដល់រូបនាងស្របពេលការតុបតែងខ្លួនរបស់នាងគឺដូចគ្នាទៅនឹងតារាចម្រៀងល្បីឈ្មោះ Lisa ។ ជាមួយការសរសើរពីសម្រស់របស់តារាស្រីរូបនេះ រឿន ណាត ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកជនជាតិថៃចូលមកបញ្ចេញមតិប្រតិកម្មយ៉ាងច្រើនជាមួយរូបភាពផ្ទឹមគ្នារបស់ រឿន ណាត និង lisa manoban។
ជនជាតិថៃ បានខម្មិនសើចចំអកថាខ្មែរចំលងអ្វីៗគ្រប់យ៉ាងពីប្រទេសជិតខាង និងមតិជនជាតិថៃផ្សេងទៀតសរសេរដោយអស់សំណើចថា រឿន ណាត ចម្លងស្ទាយ៍ពី Lisa។
យ៉ាងណាមិញ ការតុបតែងខ្លួនដូចទៅនឹង Lisa ទាំងការបញ្ចេញស្ទាយ៍ ម៉ូតសក់ និងសំលៀកបំពាក់ នេះដែរកញ្ញា រឿន ណាត បានបញ្ជាក់ថានេះគ្រាន់តែជាការស្រលាញ់របស់ខ្លួនទៅកាន់អាយដលប៉ុណ្ណោះ។ «អ្នកស្គាល់ខ្ញុំមិត្តភក្តិ ជិតស្និតដឹងហើយថាខ្ញុំស្រលាញ់ Lisa ខ្លាំង ឃើញថៃចេញមកប្រតិកម្ម យីគ្រាន់តែធ្វើខ្លួនតាម idolខ្លួន អត់បាន» នេះជាការបញ្ជាក់របស់ រឿន ណាត។
គួរបញ្ជាក់ផងដែរថា រឿន ណាត ជាម្ចាស់ជ័យលាភី Miss Universe Cambodia 2018 ជាតារាសម្តែងនិងម៉ូដែលមានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសកម្ពុជា។ តារាស្រីរូបនេះធ្លាប់បានលេចមុខជាតួឯកស្រីរបស់ផលិតកម្ម Sastra Film និងរឿងភាគរបស់ស្ថានីយទូរទស្សន៍ហង្សមាសផងដែរ៕