ទីបំផុតអ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំបានក្លាយជាការពិតហើយ បន្ទាប់ពីបទចម្រៀងដ៏មានអត្ថន័យរបស់តារារ៉េប ជី ដេវីត មានចំណងជើងថា «មហានគរ» បានសម្តែងលើទឹកដីខេត្តសៀមរាមនៅលើប្រាសាទខ្មែរដោយមានទស្សនីយភាពចម្រុះជាច្រើន។ អ្វីដែលអ្នកគាំទ្រកាន់តែកោតសរសើរខ្លាំងទៅកាន់ ជី ដេវីត នោះការសម្តែងរបស់លោកគឺពុំមានពាក់ស្បែកជើងឡើយ។
នៅយប់ថ្ងៃទី១៤ ធ្នូ នៅបរិវេណព្រះលានជល់ដំរី លើទឹកដីខេត្តសៀមរាបព្រឹត្តិការណ៍រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣ បានលើកយកផ្ទាំងទស្សនីយភាពវប្បធម៌ដ៏អស្ចារ្យរួមជាមួយសិល្បករ សិល្បការិនីជាច្រើនរូបមកបង្ហាញជូនទស្សនិកជន។ កម្មវិធីនេះប្រព្រឹត្តឡើងដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នាឱកាសនេះតារាចម្រៀង ទេព បូព្រឹក្ស បានលើកយកបទ «ទេវរាជ» បានសម្តែងជូនបងប្អូនទស្សនា ខណៈតារាចម្រៀង ជី ដេវីត បានលើកយកបទ «មហានគរ» បានសម្តែងអមជាមួយផ្ទាំងទស្សនីយភាពដ៏ត្រជាក់ភ្នែក។ នេះជាអ្វីដែលអ្នកគាំទ្របានទន្ទឹងរង់ចាំជាយូរមកហើយចាប់តាំងពីបទចម្រៀង មហានគរ បានចេញកាលពីដំបូងៗមកម្ល៉េះ ស្របពេលដែរកាលនោះបទចម្រៀងមួយបទពុំមានឱកាសសម្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
ការសម្តែងរបស់តារាចម្រៀង ជី ដេវីត លើទឹកដីអច្ឆរិយៈនេះបានធ្វើឱ្យមហាជនរំភើបចិត្តយ៉ាងខ្លាំង បទមហានគរ បានសម្តែងនៅលើទឹកដីមហានគរ។ ជាមួយគ្នានេះអ្នកគាំទ្រ ពោលសរសើរយ៉ាងខ្លាំងទៅកាន់តារាចម្រៀង ជី ដេវីត ដែលការសម្តែងរបស់លោកពុំមានពាក់ស្បែកជើងឡើយ។ ប្រការនេះអ្នកគាំទ្របានលើកឡើងថា ជី ដេវីត ធ្វើបែបនេះគឺដើម្បីគោរពដល់បុព្វបុរសខ្មែរ។
នៅលើបណ្តាញសង្គមលោក ជី ដេវីត ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនដែរថា «បុត្រាមហានគរជាមួយ បទ «មហានគរ » នៅលើដែនដីមហានគរ «រាត្រីចងចាំ» គួរជាទីមោទនភាព ។សូមថ្លែងអំណរគុណគណធិបតី អរគុណបងប្អូនអ្នកគាំទ្រ ជាពិសេសអ៊ំពូមីងលោកតាលោកយាយ ដែលប្រកបដោយសេចក្តីសុខ និង ស្នាមញញឹមដ៏មានន័យនារាត្រីនេះ ។ សូមកោតសរសើរដោយស្មោះដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:»៕










