ប្រទេសចិន ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធបញ្ជារថភ្លើងក្រោមដីក្នុងតំបន់ Changping នៅទីក្រុងប៉េកាំង ប្រទេសចិន មិនដំណើរការរហូតបណ្តាលឱ្យទូររថភ្លើងចំនួន២ នៅផ្នែកខាងក្រោយបង្អស់របូតដាច់ចេញពីគ្នា ខណៈរថភ្លើងនេះកំពុងតែបើកបរនៅផ្លូវក្រោមដីក្បែរស្ថានីយរថភ្លើង «ស៊ីអឺឈី» ។ ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកដំណើរជាង៣០នាក់រងរបួ.ស ។
ក្រុមហ៊ុនរថភ្លើងក្រោមដីប្រចាំទីក្រុងប៉េកាំង បានចេញសេចក្តីប្រកាសមួយនៅក្នុងគេហទំព័រ Weibo ថា ៖ «យើងសូមអភ័យទោសយ៉ាងខ្លាំងចំពោះហេតុការណ៍កើតឡើងនេះ ហើយអ្នកដំណើរបានចាកចេញពីរថភ្លើងដោយគ្មានភ្នាក់ងារជួយថែទាំ ។ ចំណែកអ្នកមានបញ្ហាសុខភាពទាំងអស់អាចទាក់ទងមកកាន់យើងបានគ្រប់ពេលវេលា យើងនឹងទទួលខុសត្រូវរាល់ការចាយវាយក្នុងការព្យាបាល» ។
ហេតុការណ៍នេះបានកើតឡើងស្របពេលទីក្រុងប៉េកាំង និងតំបន់ជាច្រើននៅប្រទេសចិនបានប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំង និងមានព្យុះព្រិលធ្លាក់ជាបន្តបន្ទាប់ ។ រីឯអាជ្ញាធរប្រចាំតំបន់ Changping បានស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឱ្យកើតគ្រោះថ្នាក់នេះ ។
អ្នកឃើញហេតុការណ៍ប្រាប់ថា នៅពេលទូររថភ្លើងរបូតចេញពីគ្នា គេឃើញអ្នកដំណើរមួយចំនួនបានធ្លាក់ទៅផ្នែកខាងក្រោម ខណៈអ្នកដំណើរខ្លះទៀតសន្លប់លែងដឹងខ្លួននៅក្នុងរថភ្លើង ។ ក្រោយកើតហេតុ ស្ថានីយររថភ្លើងក្រោមដីនៅទីក្រុងប៉េកាំង បានប្រកាសផ្អាកផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរថភ្លើងក្រោមដីក្នុងតំបន់ Changping ៕
ប្រភព ៖ khaosod










