បើយោងទៅតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជាបានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនបានថ្លែងថា លោកនឹងខិតខំអំពាវនាវជំរុញក្រុមហ៊ុនវិនិយោគពីចិន ឲ្យមកស្វែងរកឱកាសការវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសគឺមកសិក្សាអំពីតំបន់សក្តានុពលក្នុងខេត្តកំពង់ស្ពឺផ្ទាល់តែម្តង។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមជំនួបរវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក លូ យៀន មន្ត្រីជាន់ខ្ពស់ចិនទទួលបន្ទុកជាអនុប្រធានសភាពិគ្រោះយោបល់នយោបាយនៃទីក្រុងប៉េកាំងប្រទេសចិន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺទាំងមូល។
នៅក្នុងជំនួបនោះ ឯកឧត្តម វ៉ី សំណាង បានលើកឡើងអំពីសភាពអំណោយផលរបស់ខេត្តកំពង់ស្ពឺថា ជាតំបន់ដែលមានសក្តានុពលទៅលើវិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ និង វារីវប្បកម្ម ជាពិសេសគឺមានប្រសិទ្ធភាពទៅលើផ្នែកកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើងសម្រាប់នាំចេញទៅក្រៅប្រទេស។.jpg)
លោកឯកឧត្តមក៏បានបន្តទៀតថា លោកចង់បានការវិនិយោគពីសាធារណៈរដ្ឋប្រជាមានិតចិនទៅលើវិស័យទាំងនេះ ព្រោះវាជាតម្រូវការចាំបាច់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតំបន់នោះ។
ជាការឆ្លើយតប រដ្ឋមន្រ្តីជាន់ខ្ពស់ចិនរូបនោះក៏បានថ្លែងថា នៅពេលត្រឡប់ទៅវិញ លោកនឹងព្យាយាមអំពាវនាវ និងជំរុញអ្នកវិនិយោគពីចិនបន្ថែមទៀត ដើម្បីឲ្យពួកគេស្វែងរកនូវឱកាសវិនិយោគវិស័យខាងលើនៅក្នុងខេត្តនេះ ក៏ដូចជាសិក្សាពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺទាំងមូលនាពេលឆាប់ៗខាងមុខនេះផងដែរ៕










