ប្រទេសជប៉ុន៖ រដ្ឋមន្ត្រីជប៉ុន ៤ រូបបានដាក់ពាក្យលាលែងពីតំណែងបន្ទាប់ពីរងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងករណីសូកប៉ាន់ចំនួន ៣,៤ លានដុល្លារអាមេរិក ដែលធ្វើឱ្យនាយករដ្ឋមន្ត្រីសោកស្ដាយចំពោះឧបទ្ទវហេតុនេះយ៉ាងខ្លាំង ក៏ដូចជាបានសន្យាថានឹងស្តារជំនឿរបស់ប្រជាជនមកលើរដ្ឋាភិបាលនេះឡើងវិញ។
យោងតាមគេហទំព័រអន្តរជាតិ South China Morning Post ដែលបានរាយការណ៍នៅថ្ងៃទី១៤ ខែធ្នូថ្មីៗនេះថា រដ្ឋមន្ត្រីចំនួនបួននៅក្នុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានដាក់លិខិតលាលែងពីតំណែង បន្ទាប់ពីរងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងសំណូកសរុប ៥០០ លានយ៉េន (ប្រមាណ ៣,៤ លានដុល្លារអាមេរិក)។
អ្នកទាំង ៤ នោះរួមមាន៖ លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្ម, លោក Junji Suzuki រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង, លោក Ichiro Miyashita រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក Hi. Rokazu Matsuno អគ្គលេខាធិការគណៈរដ្ឋមន្ត្រី បានដាក់លិខិតលាលែងពីតំណែងទៅនាយករដ្ឋមន្ត្រីជប៉ុននៅព្រឹកថ្ងៃព្រហស្បតិ៍។ ដូចគ្នានេះដែរសម្រាប់អនុរដ្ឋមន្ត្រី ៥ នាក់ផ្សេងទៀតក៏នឹងត្រូវលាលែងពីតំណែងផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមានទាន់មានលទ្ធផលក្នុងការផ្លាស់ប្តូររដ្ឋាភិបាលថ្មីទេ ដោយសារនាយករដ្ឋមន្ត្រីជប៉ុនមិនទាន់សម្រេចថានឹងអនុម័តលិខិតលាលែងនេះឬក៏អត់។
គួរបញ្ជាក់ដែរថា រដ្ឋមន្ត្រីទាំងបួនរូបនេះត្រូវបានដឹកនាំដោយលោក Shinzo Abe ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន ហើយត្រូវបានគេហៅថា “Abe Group” ដែលជាក្រុមផ្តល់ប្រាក់រង្វាន់ដល់សមាជិករបស់ខ្លួន ពីព្រឹត្តិការណ៍រៃអង្គាសប្រាក់ដែលរៀបចំដោយក្រុមភាគតិចនៃគណបក្ស។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីជប៉ុនក៏បានចេញមុខក្នុងបទសម្ភាសមួយថា លោកពិតជាសោកស្ដាយចំពោះឧបទ្ទវហេតុនេះខ្លាំងណាស់ ហើយលោកក៏បានសន្យាថានឹងស្តារជំនឿរបស់ប្រជាជនមកលើរដ្ឋាភិបាលនេះឡើងវិញផងដែរ៕










