ប្រទេសកូឡុំប៊ី ៖ គេបានឃើញរថភ្លើងដឹកអ្នកដំណើរមួយខ្សែនៅទីក្រុងបូកូតា ប្រទេសកូឡុំប៊ី បានតុបតែងលម្អទៅដោយភ្លើងចម្រុះពណ៌ដើម្បីស្វាគមន៍ពិធីបុណ្យគ្រិស្តម៉ាស់ នៅឆ្នាំ២០២៣ ។ កូឡុំប៊ីតែងតែប្រារព្ធពិធីបុណ្យគ្រិស្តម៉ាស់រៀងរាល់ចុងឆ្នាំនីមួយៗ ហើយពិធីបុណ្យនេះបានទាក់ទាញឱ្យពលរដ្ឋកូឡុំប៊ីនាំក្រុមគ្រួសារពួកគេមកកម្សាន្តយ៉ាងច្រើនកុះករ ។
អ្នកស្រី ណូរ៉ា អូសេ ជាភ្ញៀវទេសចរមកកម្សាន្តនៅលើរថភ្លើងនិយាយថា ៖ «ចំណុចសំខាន់ ជារៀងរាល់ឆ្នាំ ពួកយើងបាននាំក្រុមគ្រួសារមកជិះរថភ្លើងគ្រិស្តម៉ាស់ ពីព្រោះវាបានផ្តល់ឱ្យយើងនូវអនុស្សាវីយ៍ល្អៗជាច្រើន ។ ខ្ញុំគិតថា វាជាវិធីចែករំលែកនូវសំណើច និងសេចក្តីសុខជាមួយគ្រួសារក្នុងពិធីបុណ្យគ្រិស្តម៉ាស់» ។
ការតុបតែងលម្អភ្លើងពណ៌នៅលើរថភ្លើងនេះ បានធ្វើឱ្យអ្នកមកចូលរួមនឹកឃើញដល់ខ្សែភាពយន្តគ្រិស្តម៉ាស់ផងដែរ ។ រថភ្លើងបានតុបតែងលម្អឱ្យមានភាពទាក់ទាញសម្រាប់ស្វាគមន៍ពិធីបុណ្យគ្រិស្តម៉ាស់នេះ កំពុងតែធ្វើដំណើរទៅកាន់ស្ថានីយរថភ្លើងនៅប្រទេសកូឡុំប៊ី ។ វាបានបង្កើតបរិយាកាសសប្បាយរីករាយដល់ក្មេងៗ និងឪពុក-ម្តាយពួកគេ ដែលបានចែករំលែកនូវសេចក្តីសុខក្នុងពិធីបុណ្យនេះរួមគ្នា ។
លើសពីនេះ ក៏មានតន្ត្រីករនៅលើរថភ្លើងដើម្បីធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយថែមទៀត និងទាក់ទាញឱ្យអ្នកដំណើរជាយុវវ័យច្រៀងចម្រៀងគ្រិស្តម៉ាស់យ៉ាងមានក្តីសុខក្នុងអំឡុងពេលធ្វើដំណើរ ។
បុរសតែងខ្លួនជា Santa Claus និយាយថា ៖ «យើងសង្ឃឹមយ៉ាងខ្លាំងថា នៅជិតដាច់ឆ្នាំ២០២៣ រឿងរ៉ាវក្នុងជីវិតរបស់មនុស្សម្នាក់ៗនឹងបញ្ចប់ទៅដោយភាពជោគជ័យ មិនថាពួកគេបានជួបបញ្ហាអ្វីខ្លះទេ ។ ចូរកុំភ្លេចថា បុណ្យគ្រិស្តម៉ាស់ គឺជាក្តីស្រឡាញ់ ហើយវាជាពេលវេលាដែលយើងត្រូវអភ័យទោសឱ្យគ្នាទៅវិញទៅមក និងចែករំលែកនូវអំពើល្អ» ៕ ប្រភព ៖ TNN World










