ប្រទេសថៃ ៖ នាពេលកន្លងមក មានភ្ញៀវទេសចរតៃវ៉ាន់ម្នាក់មកកម្សាន្តនៅប្រទេសថៃ ប៉ុន្តែត្រូវបានរថយន្តបុកបណ្តាលឱ្យរងរបួសធ្ងន់ និងបាត់បង់ស្មារតី ។ ភ្នាក់ងារជួយសង្គ្រោះប្រចាំប្រទេសថៃបានជួយបញ្ជូនភ្ញៀវទេសចររូបនេះទៅកាន់មន្ទីរពេទ្យឯកជនមួយកន្លែង ដែលមានទីតាំងនៅឆ្ងាយពីកន្លែងកើតហេតុប្រមាណ៥០០ម៉ែត្រ ។
នៅពេលបញ្ជូនអ្នករបួសទៅដល់ មន្ទីរពេទ្យឯកជនបានបដិសេធមិនសង្គ្រោះជីវិតភ្ញៀវទេសចរតៃវ៉ាន់ទេ ហើយប្រាប់ឱ្យភ្នាក់ងារសង្គ្រោះបញ្ជូនភ្ញៀវទេសចររូបនេះទៅមន្ទីរពេទ្យរដ្ឋវិញ ដែលនៅឆ្ងាយពីទីនេះប្រមាណ១០គីឡូម៉ែត្រ ។ ចុងក្រោយ ភ្ញៀវទេសចរតៃវ៉ាន់បានស្លា.ប់ ក្នុងអំឡុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ ។
លោក Chonnan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសថៃលើកឡើងថា បន្ទាប់ពីទទួលបានរបាយការណ៍នេះ លោកបានបញ្ជាទៅកាន់នាយកដ្ឋានផ្តល់សេវាសុខភាព និងវិទ្យាស្ថានជាតិវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ដើម្បីបញ្ជូនក្រុមការងារស៊ើបអង្កេតរកការពិតជាបន្ទាន់ ។ បើរកឃើញថា មន្ទីរពេទ្យឯកជនបានបដិសេធមិនទទួលសង្គ្រោះអ្នករងរបួសធ្ងន់ដូចការចុះផ្សាយទេ ចាត់ទុកថា មន្ទីរពេទ្យនេះបានរំលោភលើគោលការណ៍មនុស្សធម៌ និងរំលោភច្បាប់ពាក់ព័ន្ធ ។ ដូច្នេះ យើងត្រូវអនុវត្តតាមច្បាប់ចំពោះមន្ទីរពេទ្យឯកជនខាងលើ ។
លោក Chonnan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា រដ្ឋាភិបាលថៃបានផ្តល់ភាពសំខាន់លើការថែទាំភ្ញៀវទេសចរបរទេសគ្រប់រូប ដែលពួកគេបានធ្វើដំណើរមកកាន់ប្រទេសថៃ ។ យើងនឹងមិនបណ្តោយឱ្យពួកគេគ្មានសុវត្ថិភាព ឬទទួលរងនូវការប្រព្រឹត្តទង្វើណាមួយ ដែលមិនត្រឹមត្រូវតាមច្បាប់ប្រទេសថៃទេ ។
បើតាមអាជ្ញាធរថៃលើកឡើងថា ពួកគេបានបញ្ជូនអ្នករងរបួសធ្ងន់ជាជនជាតិតៃវ៉ាន់ទៅកាន់មន្ទីរពេទ្យឯកជន ប៉ុន្តែបុគ្គលិកផ្នែកសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យនេះបានបដិសេធមិនទទួលសង្គ្រោះអ្នករបួសទេ ។ មូលហេតុដែលមន្ទីរពេទ្យឯកជនមិនព្រមទទួលអ្នករបួស ដោយសារអ្នករបួសគ្មានសញ្ជាតិថៃ ហើយខាងមន្ទីរពេទ្យពិបាកទទួលប្រាក់ថ្លៃព្យាបាលជនបរទេស ។ ហេតុនេះ អាជ្ញាធរក៏បានបញ្ជូនអ្នករបួសសញ្ជាតិតៃវ៉ាន់ទៅកាន់មន្ទីរពេទ្យមួយទៀតឈ្មោះ «សិរិនថន» ប៉ុន្តែដោយសារតែផ្លូវឆ្ងាយពេក ទើបធ្វើឱ្យអ្នករបួសនេះបានស្លា.ប់នាពេលបន្ទាប់ ។
មន្ទីរពេទ្យនានានៅប្រទេសថៃមានតួនាទីថែរក្សា និងជួយសង្គ្រោះជីវិតអ្នកជំងឺទាំងអស់ មិនថាជនជាតិថៃ ឬជនបរទេស នៅពេលពួកគេស្ថិតក្នុងសភាពគ្រោះថ្នាក់ គឺពួកគេត្រូវតែទទួលបានការសង្គ្រោះបន្ទាន់ ដើម្បីឱ្យអ្នកជំងឺបានរួចផុតពីគ្រោះថ្នាក់ ។ ហេតុនេះ បើបុគ្គលណាមិនអនុវត្តតាមតួនាទីរបស់ខ្លួន គឺត្រូវជាប់ពន្ធនាគារមិនលើស២ឆ្នាំ ឬពិន័យជាប្រាក់មិនលើស៤ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ៕ ប្រភព ៖ 3Plus News










