រដូវប្រមូលផលដំឡូងជ្វាបានមកដល់ហើយ ខណៈកសិករកំពុងតែប្រឈមនឹងការគរដំឡូងជ្វាចោលរាប់ពាន់តោន ដោយសារតែតម្លៃធ្លាក់ចុះយ៉ាងខ្លាំង ពីមុនធ្លាប់តែ១គីឡូ១៣០០រៀល ឥឡូវនេះនៅសល់ត្រឹមតែ១គីឡូ៣០០រៀលប៉ុណ្ណោះ។
បើយោងទៅតាមប្រជាកសិករនៅខេត្តបាត់ដំបងបានឲ្យដឹងថា កសិផលដំឡូងជ្វាដែលពួកគេបានដាំនៅរដូវកាលចុងក្រោយនេះកំពុងតែប្រឈមនឹងវិបត្តិក្នុងការលក់មិនចេញទៅកាន់ទីផ្សារ ខណៈឈ្មួញកណ្តាលបានទម្លាក់តម្លៃខ្លាំងហួសហេតុពេក ដែលកាលពីរដូវកាលប្រមូលផលលើកមុនទទួលបាន១៣០០រៀលឯណ្ណោះក្នុង១គីឡូក្រាម ប៉ុន្តែលើកនេះចុះថ្លៃរហូតដល់ទៅ១០០០រៀល គឺនៅសល់តែ៣០០រៀលក្នុង១គីឡូក្រាម។
ប្រជាកសិករក៏បានត្អូញត្អែរប្រាប់ពីការលំបាកនៃការធ្វើកសិកម្មនៃដំណាំដំឡូងជ្វានេះ ថាវាមិនមានភាពងាយស្រួលនោះទេទាំងកម្លាំងពលកម្មដែលពួកគេចំណាយក្នុងការភ្ជួររាស់ដី ដាំដុះ បាចជី មើលថែ ស្រោចទឹក ព្រមទាំងថ្លៃចំណាយផ្សេងៗក្នុងការទិញពូជដំឡូងជ្វាល្អៗនិងថ្លៃជីកំប៉ុស្តជាដើម។ ដូច្នេះ ទម្រាំតែពួកគាត់ទទួលបានផលយ៉ាងគាប់ប្រសើរបែបនេះ គឺពួកគាត់បានផ្តល់ទាំងកម្លាំងចិត្ត កម្លាំងកាយ និងថវិការបស់ខ្លួនទាំងស្រុងទៅលើដំណាំមួយនោះ ព្រោះតែសេចក្តីស្រលាញ់កសិកម្ម និងដោយមានការសង្ឃឹមយ៉ាងមុតមាំថាពួកគេនឹងទទួលបានមកវិញនូវប្រាក់កម្រៃមួយចំនួនដើម្បីផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ ក៏ដូចជាដើម្បីបង្វិលដើមក្នុងការធ្វើកសិកម្មនេះនៅវដូវកាលថ្មីៗទៀត។
រីឯប្រជាកសិករនៅខេត្តកំពង់ស្ពឺ កំពង់ចាម និងកំពង់ឆ្នាំងវិញ ក៏មានការខកចិត្តនិងស្លុតចិត្តយ៉ាងខ្លាំងមិនខុសពីប្រជាកសិករខេត្តបាត់ដំបងដែរ។ តាមរយៈការខកចិត្តទាំងនេះហើយបានធ្វើកសិករក៏ដូចជាម្ចាស់ចម្ការភាគច្រើនផ្អាកធ្វើការប្រមូលផលសិន ដោយសារតែគ្មានទីផ្សារនាំចេញនិងរងចាំអ៊ុតមើលដោយសង្ឃឹមថាតម្លៃនាពេលខាងមុខអាចនឹងឡើងថ្លៃបន្តិចបន្តួចវិញក៏ថាបាន រីឯអ្នកខ្លះស្ទើរតែបោះបង់ចោលចម្ការរបស់ខ្លួនឯងទាំងស្រុងទៀតផង។ ដូច្នេះតាមរយៈរូបភាពបែបនេះ ប្រសិនបើនូវតែគ្មានភាពប្រសើរឡើងវិញនោះទេ សម្រាប់រដូវកាលដំឡូងជ្វាលើកក្រោយទៀត ប្រជាកសិករអាចនឹងមិនដាំដំណាំមួយនេះទៀតនោះទេ នឹងធ្វើឲ្យបាត់បង់ការផ្គត់ផ្គង់ក្នុងស្រុកដ៏ធំមួយពីដំណាំដំឡូងជ្វាក្នុងប្រទេសកម្ពុជាយើងផងដែរ។
ប៉ុន្តែ បើយើងក្រឡេកមកមើល តម្លៃដំឡូងជ្វានៅតាមទីផ្សារនានាវិញគឺឃើញថា តម្លៃហាក់នៅដដែលដោយក្នុង១គីឡូក្រាមគឺចន្លោះពី៤០០០ទៅ៥០០០រៀល។
ទោះជាយ៉ាងណាក៏ដោយ ប្រជាកសិករនូវតែមានក្តីសង្ឃឹមពីរាជរដ្ឋាភិបាល ជាពិសេសគឺមន្ទីរកសិកម្មនិងមន្ទីរពាក់ព័ន្ធទាំងអស់ក្នុងការជួយរកដំណោះស្រាយឲ្យពួកគេ ក៏ដូចជារកទីផ្សារដំឡូងជ្វាជូនដល់ប្រជាកសិករឲ្យទទួលបានតម្លៃសបស្របក្នុងពេលឆាប់ៗខាងមុខនេះ៕










