ប្រទេសជប៉ុន ៖ ហាងមួយកន្លែងនៅប្រទេសជប៉ុនបានផ្តល់សេវាកម្មពិសេសសម្រាប់អតិថិជន ហើយសេវាកម្មពិសេសនេះបានល្បីល្បាញនៅក្នុងបណ្តាញសង្គមជប៉ុនយ៉ាងខ្លាំង ។ ហាងនេះមានសេវាកម្មឱ្យបុគ្គលិកស្រីឈរទះកំផ្លៀងអតិថិជន មុនពេលអតិថិជនទទួលទានអាហារ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។
បើទោះជាសេវាកម្មនេះប្លែកខ្លាំងក្តី ប៉ុន្តែវាទទួលបានការគាំទ្រពីសំណាក់អតិថិជនមិនតិចនាក់ទេ ។ បុគ្គលិកធ្វើការក្នុងហាងប្រាប់ថា មានអតិថិជនជាច្រើននាក់ចាប់អារម្មណ៍ចង់ទទួលយកបទពិសោធន៍ឈឺចុកចាប់បែបថ្មីជាហូរហែ រហូតដល់ខាងហាងត្រូវបង្កើនចំនួនបុគ្គលិកបន្ថែមទៀត ។
កាលពីមុន ហាងបានកំណត់ឱ្យបុគ្គលិកស្រីជាអ្នកទះកំផ្លៀងអតិថិជនតាមការស្នើសុំពីអតិថិជនប៉ុណ្ណោះ ប៉ុន្តែនៅពេលមានអតិថិជនត្រូវការសេវាកម្មនេះកាន់តែច្រើន ហាងក៏បានជួលបុគ្គលិកពីខាងក្រៅមកជួយទះកំផ្លៀងអតិថិជនបន្ថែមទៀត ។ ចំណែកថ្លៃទះកំផ្លៀងវិញ អតិថិជនត្រូវបង់ប្រាក់ឱ្យហាង ចំនួន១០០យេនក្នុង១លើក ។
បើតាមសារព័ត៌មានចិនរាយការណ៍ថា ពេលខ្លះ ហាងនេះបានតម្រូវឱ្យអតិថិជនបង់ប្រាក់រហូតដល់៥០០យេនឯណោះសម្រាប់ការទះកំផ្លៀង១លើក ដើម្បីឱ្យអតិថិជនមានសិទ្ធិជ្រើសរើសបុគ្គលិកស្រីណាម្នាក់ ដែលខ្លួនចង់ឱ្យនាងមកទះកំផ្លៀង ។
សារព័ត៌មានរាយការណ៍ទៀតថា សេវាកម្មនេះទទួលបានការពេញនិយមខ្លាំងពីអតិថិជនបុរស និងនារី រួមទាំងភ្ញៀវទេសចរបរទេសផងដែរ ។ លើសពីនេះ គ្មានអតិថិជនណាម្នាក់បង្ហាញអាកប្បកិរិយាខឹងសម្បារ ឬមិនពេញចិត្ត ដោយសារត្រូវបានគេទះកំផ្លៀងឡើយ ។ ផ្ទុយទៅវិញ អតិថិជនបានបង្ហាញទឹកមុខរីករាយជាងមុន ក្រោយទទួលបានការទះកំផ្លៀងជាច្រើនដៃ ខណៈអ្នកខ្លះទៀតបានអរគុណដល់បុគ្គលិកទៀតផង ។
តាមរយៈវីដេអូបង្ហាញថា ការទះកំផ្លៀងអតិថិជនម្នាក់ៗ គឺជាការធ្វើឡើងយ៉ាងពិតប្រាកដ ដោយគ្មានការបន្ធូរដៃឡើយ ។ ទោះយ៉ាងណា ហាងបានសម្រេចចិត្តផ្អាកសេវាកម្មពិសេសនេះនាពេលកន្លងមក ព្រោះហាងចង់ផ្តោតសំខាន់លើអាជីវកម្មចម្បងវិញ គឺការលក់ភេសជ្ជៈ និងម្ហូបអាហារ ។ ចុងក្រោយ ហាងនេះបានសំណូមពរថា សូមអតិថិជនកុំសួរនាំរកសេវាកម្មទះកំផ្លៀងទៀត ៕ ប្រភព ៖ daily news










