រយៈពេលចុងក្រោយនេះអ្នកតាមដានមួយចំនួនជ្រាបមកហើយថា ខាត់ ស្រីច័ន្ទ អតីតបវរកញ្ញានិងជាអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញា បានបង្ហាញដំណឹងល្អរបស់ខ្លួនមានសមាជិកថ្មីធ្វើឱ្យគ្រួសារពេញលេញ។ ជាមួយនឹងការមានសមាជិកថ្មីនេះ ខាត់ ស្រីច័ន្ទ បានបង្ហាញពីការតស៊ូរបស់នាងនិងប្តី និងបញ្ជាក់ថាពួកគេធ្លាប់បានរៀបការតូចមួយជាមួយគ្នានៅឯសមុទ្រ។

នៅយប់ថ្ងៃទី៣ ខែសីហា ខាត់ ស្រីច័ន្ទ បានរៀបរាប់ពីទំនាក់ទំនងស្នេហានិងការតស៊ូរបស់ខ្លួនក្នុងជីវិតគូរបស់នាងនិងគូស្នេហ៍រយៈពេលកន្លងមកនេះដោយឆ្លងកាត់រឿងរ៉ាវជាច្រើនរហូតអ្នកទាំងពីរធ្លាប់ចង់បែកគ្នាទៀតផង។ ខាត់ ស្រីច័ន្ទ បានបង្ហាញថានាងបានស្គាល់ស្វាមីដំបូងកាលពីឆ្នាំ២០១៤ និងចាប់ផ្តើមស្រលាញ់គ្នាឆ្នាំ២០១៥ ភ្ជាប់ពាក្យឆ្នាំ២០១៦។ នៅពេលអ្នកទាំងពីរភ្ជាប់ពាក្យ អ្នកទាំងពីរបានចាប់ផ្តើមនៅផ្ទះជាមួយគ្នាដោយខិតខំរកស៊ី លក់អីវ៉ាន់ ជួយការងារគ្នា និងឆ្លៀតរៀនថតផង។
នៅឆ្នាំ២០១៧ នាងនិងគូដណ្តឹងចាប់ផ្តើមមានឱកាសចូលធ្វើការនៅស្ទូឌីយូជាមួយគ្នា ដោយគូស្នេហ៍ធ្វើជាជាងថត ចំណែកឯនាងធ្វើជា stylist model និងថតផងដែរ។ នៅឆ្នាំ២០១៨ គូស្នេហ៍មួយគូនេះបានចាប់ផ្តើមចេញថតរកស៊ីជាមួយគ្នាទាំងប្រថុយប្រថាន ដោយការរកស៊ីនេះគឺមានការជួយជ្រោមជ្រែងពីអ្នកមានគុណ ទាំងម្តាយបង្កើតនិងម្តាយក្មេក។ 
ក្នុងឆ្នាំ២០១៩ ខាត់ ស្រីច័ន្ទ បានទម្លាយថានាងនិងគូស្នេហ៍លួចរៀបចំការបន្ទិចបន្ទួចនៅសមុទ្រ។ ក្រោយមកចូលដល់ឆ្នាំ២០២០ ស្ថានភាពកូវីតវឹកវរ ធ្វើឱ្យពិបាកខ្លាំង នាងយំរាល់ថ្ងៃ ហើយក៏ជាឆ្នាំដែលនាងចូលរួមប្រកួតបវរកញ្ញាផងដែរ។ ការតស៊ូរបស់អ្នកទាំងពីរក៏បានទិញកូនឡាន១សម្រាប់ជិះទៅធ្វើការ និងឆ្នាំបន្ទាប់ទៀតពោលគឺក្នុងឆ្នាំ២០២២ អ្នកទាំងពីរឈ្លោះគ្នាសឹងតែនឹងបែកបាក់ ប៉ុន្តែក៏អាចបន្តស្នេហាមួយនេះ។
.png)
ខាត់ ស្រីច័ន្ទ បានរៀបរាប់បន្តទៀតថាឆ្នាំ២០២៣ គ្រប់យ៉ាងចាប់ផ្តើមល្អប្រសើរវិញដោយនាងចាប់ផ្តើមធ្វើវិស័យបវរកញ្ញានិងចាប់ផ្តើមស្គាល់មនុស្សល្អបន្ថែមទៀត។ ទោះយ៉ាងណាការរៀបចំធ្វើកម្មវិធីថ្នាក់ជាតិក្នុងឆ្នាំ២០២៤របស់នាងទទួលបានភាពជោគជ័យប៉ុន្តែនាងទឹកភ្នែករាល់យប់ដោយសារតែជំពាក់គេ ប៉ុន្តែសំណាងបានមនុស្សល្អក្បែរខ្លួន។

ក្រោយមកក្នុងឆ្នាំ២០២៥ ខាត់ ស្រីច័ន្ទនិងស្វាមីក៏ចាប់ផ្តើមមានផ្ទះផ្ទាល់ខ្លួនដោយការបង់រំលោះ ហើយឆ្នាំ២០២៦ គឺជាឆ្នាំដែលអ្នកទាំងពីរទទួលបានសមាជិកថ្មី ហើយក៏ជាពេលវេលាដែលធ្វើឱ្យផ្ទះនេះមានឈ្មោះថាគ្រួសារពេញលេញបន្ទាប់ពីរយៈពេល១២ឆ្នាំ៕










