ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន Xinhua រាយការណ៍ថា សេចក្តីថ្លែងការណ៍រួមរវាងធនាគារប្រទេសថៃ (Bank of Thailand) ជាមួយធនាគារកណ្តាលហុងកុងបានបញ្ជាក់ថា អតិថិជនអាចប្រើប្រាស់កម្មវិធីទូទាត់ប្រាក់នៅលើទូរស័ព្ទដៃ ដោយការស្កេន QR Code ដែលបានបង្ហាញនៅតាមហាងលក់ទំនិញផ្សេងៗ ។ ហាងលក់ទំនិញទាំងនេះនឹងទទួលបានប្រាក់ថ្លៃទំនិញភ្លាមៗ តាមការតភ្ជាប់ប្រព័ន្ធ Prompt Pay របស់ថៃ និងប្រព័ន្ធ FPS របស់ហុងកុង ។
លោក Setthaput Sutthivathanarueput ទេសាភិបាលធនាគារប្រទេសថៃលើកឡើងថា កិច្ចសហការជាមួយហុងកុងលើកនេះ គឺជាការបោះជំហានដ៏សំខាន់មួយទៀតដើម្បីឈានទៅរកការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុក្នុងតំបន់តភ្ជាប់គ្នា និងកាន់តែមានលក្ខណៈឌីជីថល ។
ក្រៅពីនេះ ប្រព័ន្ធទូទាត់ប្រាក់តាមរយៈការស្កេន QR Code ឆ្លងប្រទេស បានផ្តល់ប្រយោជន៍សម្រាប់ភ្ញៀវទេសចរថៃ និងហុងកុង ប្រមាណ១លាន៥សែននាក់ផងដែរ ។ ភ្ញៀវទេសចរនឹងមានភាពងាយស្រួលក្នុងពេលធ្វើដំណើរ ពីព្រោះការទូទាត់នេះបានគាំទ្រវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរវាងភាគីទាំងពីរ ។
ចំណែកលោក Eddie Yu ទេសាភិបាលធនាគារកណ្តាលហុងកុងលើកឡើងថា ការដំណើរការប្រព័ន្ធទូទាត់ប្រាក់នេះចាត់ទុកថា វាជាជំហានដ៏សំខាន់មួយសម្រាប់ប្រព័ន្ធ FPS របស់ហុងកុង ដើម្បីបង្កើនអត្ថប្រយោជន៍ឈានទៅរកការទូទាត់ប្រាក់ឆ្លងប្រទេស ។
ហេតុនេះ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនឹងផ្តល់ភាពងាយស្រួលដល់អ្នកដំណើររវាងប្រទេសថៃ និងហុងកុង ដោយសារពួកគេពុំចាំបាច់ទូទាត់ជាក្រដាស់ប្រាក់ ហើយពួកគេអាចទូទាត់ថ្លៃសេវាកម្ម និងទំនិញផ្សេងៗដូចនៅប្រទេសខ្លួនដែរ ៕
ប្រភព ៖ daily news










