បច្ចុប្បន្នរថយន្តអគ្គិសនីកំពុងឈានមុខគេនៅលើទីផ្សារអន្តរជាតិដោយសារគុណភាព ក៏ដូចជារូបរាង រួមជាមួយតម្លៃ និងរចនាសម្ព័ន្ធរបស់វា។ ដូច្នេះហើយតើអ្នកដឹងទេថា ម៉ូដែលរថយន្តអគ្គិសនីប្រភេទណាខ្លះ ដែលមានតម្លៃថ្លៃជាងគេ ក៏ដូចជាពេញនិយមបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣ នេះ?
១.Aspark Owl៖ Aspark Owl គឺម៉ូដែលរថយន្តអគ្គិសនីតែមួយគត់ពីប្រទេសជប៉ុនក្នុងបញ្ជី នឹងត្រូវបានណែនាំនៅចុងឆ្នាំ ២០១៩ ។ Owl មានកម្លាំង 1,980 សេះ និងអាចបង្កើនល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល 1.69 វិនាទី ដែលជាចំនួនចាត់ទុកថាលឿនបំផុតនៅលើពិភពលោក។ រថយន្តអគ្គិសនីនេះផលិតបានតែ 50 គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលក្នុងនោះ 10 គ្រឿងគឺសម្រាប់ទីផ្សារអាមេរិកខាងជើង ដោយវាមានតម្លៃ 3.56 លានដុល្លារអាមេរិកក្នុងមួយគ្រឿង។
២.Lotus Evija៖ ចំពោះម៉ូដែលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនអង់គ្លេសនេះវិញ ត្រូវបានគេវាយតម្លៃខ្ពស់ចំពោះការរចនាដ៏គួរឱ្យចាប់អារម្មណ៍របស់វា ជាពិសេសផ្នែកខាងក្រោយ។ រថយន្តអគ្គិសនី Lotus Evija មានទម្ងន់ជាង 1,678 គីឡូក្រាម ជាមួយនឹងកម្លាំង 1,972 សេះ និងបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលតិចជាង 3 វិនាទី ដែលល្បឿនអតិបរមាកំណត់ត្រឹមតែ 350 គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តនេះមានតែ 130 គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ជាមួយនឹងតម្លៃ 2.5 លានដុល្លារអាមេរិកក្នុងមួយគ្រឿង។
៣.Pininfarina Battista៖ Battista គឺជារថយន្តអគ្គិសនីដែលផលិតឡើងដោយក្រុមហ៊ុនអ៊ីតាលី ជាមួយនឹងកម្លាំង 1,877 សេះ និងឈានដល់ 1.79 វិនាទីសម្រាប់ការបង្កើនល្បឿន 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះហើយ បច្ចុប្បន្ន Battista មានតម្លៃ 2.2 លានដុល្លារអាមេរិកក្នុងមួយគ្រឿង។
៤. Rimac Nevera៖ រថយន្តអគ្គិសនី Nevera មានកម្លាំង 1,877 សេះ ជាមួយនឹងកំណែ Time Attack ។ រថយន្តនេះបានបំបែកកំណត់ត្រាចំនួន 23 សម្រាប់ល្បឿន និងការបង្កើនល្បឿន ដែលឈានដល់ 0-100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល 1.74 វិនាទី និងឈានដល់ល្បឿនអតិបរមា 402 គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះហើយ Rimac Nevera ផលិតបានតែ 150 គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក ជាមួយនឹងតម្លៃ 2.2 លានដុល្លារអាមេរិកក្នុងមួយគ្រឿង។
៥.Hispano Suiza Carmen Boulogne៖ ជាមួយនឹងតម្លៃ 1.8 លានដុល្លារអាមេរិក រថយន្តអគ្គិសនី Hispano Suiza Carmen Boulogne មានប្រភពមកពីប្រទេសអេស្ប៉ាញ ដែលកំណែស្តង់ដារត្រូវបានដាក់ឱ្យដំណើរការនៅឯការតាំងពិពណ៌ទីក្រុងហ្សឺណែវក្នុងឆ្នាំ 2019។ នៅក្នុងកំណែរថយន្តអគ្គិសនី Boulogne គឺមានសមត្ថភាព 1,100 សេះ ជាមួយនឹងម៉ូទ័រអេឡិចត្រិចចំនួន 4 នឹងជាម៉ូដែលរថយន្តអគ្គិសនីដែលមានការរចនាមិនធម្មតាបំផុតនៅក្នុងបញ្ជី៕










