កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ មាននារីស្រស់ស្អាត បើកបររថយន្ត ម៉ាក FORD MUSTANG សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-0080 ទាំងមានជាតិស្រវឹង បើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី បានបុកពីក្រោយបុរសម្នាក់ ដែលកំពុងជិះកង់អាគុយ ជាប់អូសជាច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង នៅមុខច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅអន្តរាគមន៍ ឃាត់ខ្លួនបានស្ត្រីបើកបររថយន្តបង្ក ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ និងយករថយន្ត កង់អាគុយ ទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ស្រ្តីរូបស្រស់ម្នាក់នេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យ ជាប្រាក់ ពី១០ ០០០ ០០០រៀលទៅ២៥ ០០០ ០០០រៀល កាលបើអំពើ នេះបានប្រព្រឹត្តក្នុង ករណីណាមួយ ដូចជា៖

១- ករណីអ្នកបើកបរដោយគ្មានបណ្ណបើកបរឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត
២- អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០(សូន្យក្បៀស សែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,៨០(សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីតឈាមឡើងទៅ
៣- បណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់
៤- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ៕