ប្រទេសថៃ ៖ សារព័ត៌មានថៃចុះផ្សាយថា មានពលករខ្មែរម្នាក់បានមកកាន់ស្ថានីយប៉ូលិសថៃដើម្បីឱ្យប៉ូលិសចាប់ខ្លួន ក្រោយពីរូបគេបានចូលមកធ្វើការជាកម្មករសំណង់នៅប្រទេសថៃដោយខុសច្បាប់ ប៉ុន្តែថៅកែថៃមិនព្រមបើកប្រាក់ឈ្នួលឱ្យ ។ ពលករខ្មែរនិយាយថា រូបគេគ្មានប្រាក់ទិញបាយហូបទេ ក៏សម្រេចចិត្តហៅរថយន្តជិះជាហូរហែរហូតដល់ស្ថានីយប៉ូលិស ខ្លួនក៏ចុះពីរថយន្ត និងអង្វរឱ្យប៉ូលិសបញ្ជូនរូបគេត្រឡប់ទៅប្រទេសកម្ពុជាវិញ ។
កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បុរសពលករខ្មែរម្នាក់ អាយុ៣២ឆ្នាំ បានចូលមកកាន់ស្ថានីយប៉ូលិសនៅខេត្តនុនថាក់បុរី ប្រទេសថៃ ហើយក៏បានអង្វរឱ្យប៉ូលិសថៃចាប់ខ្លួនគេបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ ។ ពលករខ្មែរម្នាក់នេះមានអាការៈហត់នឿយយ៉ាងខ្លាំង ហើយថែមទាំងបានសុំបាយប៉ូលិសហូបទៀតផង ដោយសាររូបគេអត់បាយទឹកអស់ជាច្រើនថ្ងៃ និងគ្មានប្រាក់ជាប់ខ្លួនទិញបាយហូបទេ ។ នៅពេលឃើញសភាពបែបនេះ ប៉ូលិសថៃអាណិតអាសូរ និងបានទិញបាយឱ្យពលករខ្មែរហូបដើម្បីបំពេញភាពស្រេកឃ្លាន ។.jpg)
បុរសជាពលករខ្មែររៀបរាប់ថា ខ្លួនបានរត់មកធ្វើការនៅប្រទេសថៃតាមច្រកធម្មជាតិនៅខេត្តនុនថាក់បុរី ដើម្បីធ្វើជាកម្មករសំណង់នៅស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន ប៉ុន្តែក្រោយពីរូបគេធ្វើការបានរយៈពេល២ខែ ប៉ុន្តែថៅកែថៃមិនព្រមបើកប្រាក់ឈ្នួលឱ្យសូម្បីតែ១បាត ។ ដូច្នេះ ខ្លួនគ្មានប្រាក់ទិញបាយហូប ទើបសម្រេចចិត្តឈប់ធ្វើការជាកម្មករសំណង់ និងសុំរថយន្តគេជិះនៅតាមផ្លូវជាបន្តបន្ទាប់ ។
បុរសរូបនេះបន្តថា ខ្លួនបានសុំរថយន្តគេជិះរហូតដល់ស្ថានីយប៉ូលិស Rattanathibet Police Station ស្រាប់តែហេវបាយខ្លាំងទ្រាំលែងបាន ក៏សម្រេចចិត្តចុះពីរថយន្ត និងដើរចូលស្ថានីយប៉ូលិសតែម្តង ដើម្បីឱ្យប៉ូលិសចាប់ខ្លួនគេបញ្ជូនទៅប្រទេសកម្ពុជាវិញ និងសុំបាយហូបផងដែរ ។.jpg)
ក្រោយពីសមត្ថកិច្ចថៃបានទិញបាយឱ្យពលករខ្មែរបរិភោគឆ្អែតហើយ សមត្ថកិច្ចថៃក៏បានចាប់ខ្លួនរូបគេ និងចោទប្រកាន់ពីបទជនបរទេសចូលមកធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ។ បន្ទាប់មក សមត្ថកិច្ចបានបញ្ជូនរូបគេទៅកាន់ការិយាល័យប៉ូលិសស៊ើបអង្កេតប្រចាំខេត្តនុនថាក់បុរី ដើម្បីចាត់វិធានការតាមច្បាប់ និងត្រៀមបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ ៕










