មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដ៏ធំមួយ កំពុងត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ១២៦ ហិកតា លើកំពូលភ្នំក្នុងតំបន់ឧទ្យានជាតិព្រះកុសមៈគីរីរម្យ ស្ថិតក្នុងភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានេះ មហាឧបាសិកាធម្មបណ្ឌិតញឹក ប៊ុនថា បានលើកឡើងថា៖”ផ្ទៃដី ១២៦ ហិកតា ដោយមានការអនុញ្ញាតពី “សម្តេចព្រះសង្ឃរាជ ទេព វង្ស និងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង” និងលោកសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។មជ្ឈមណ្ឌលនេះបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ ២០០៥ ហើយបច្ចុប្បន្នមានប្រាសាទធំ ១ អគារនៅចំកណ្តាលមជ្ឈមណ្ឌលត្រូវសាងសង់រួចហើយឈ្មោះ “បឋមចេតិយទី” ជាព្រះចេតិយតម្កល់ព្រះធម៌ដែលមានបណ្តោយ ១០៨ ម៉ែត្រ និងទទឹង ៣៧ ម៉ែត្រ។
មិនតែប៉ុណ្ណោះក៏នៅមានគម្រោងសាងសង់ប្រាសាទធំៗ ៤ និងមានកសិណទឹក១ដែលមានបណ្តោយ ៦០០ ម៉ែត្រ និងទទឹង ១២ ម៉ែត្រ នៅពីមុខប្រាសាទទាំង ៤នោះ។ ក្នុងនោះក៏ត្រូវសាងសង់ប្រាសាទ ៨ បន្ថែមទៀតសម្រាប់តម្កល់ផ្ទាំងសិលាចារឹកព្រះត្រៃបិដកដែលមានចំនួន ១ ០១៧ ផ្ទាំងចារឹកជាអក្សរបាលីម្ខាងសម្រាយពីភាសាបាលី ហើយក្នុង១ផ្ទាំងៗ មានទំហំទទឹង៨តឹក និងកម្ពស់ជាង ១ ម៉ែត្រជាប្រភេទថ្មម៉ាប។
ការកសាងមជ្ឈមណ្ឌលនេះឡើង គឺចង់រួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ រួមចំណែកលើកតម្កើងតម្លៃព្រះពុទ្ធវចន: (ពុទ្ធឱវាទ ឬពុទ្ធដីកា) ដែលជាពាក្យប្រៀនប្រដៅឱ្យមនុស្សធ្វើតែអំពើល្អ ជាមនុស្សដែលមានគុណធម៌ មានសីលធម៌៕