ប្រទេសថៃ ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃចុះផ្សាយថា ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មការជាតិអភិវឌ្ឍន៍ Soft Power ប្រទេសថៃ អ្នកនាង Paetongtarn Shinawatra មកពីគណបក្សភឿថៃ បានប្រកាសអំពីគម្រោង «Soft Power» សម្រាប់ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ។ អ្នកនាងបញ្ជាក់ថា ប្រទេសថៃនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីពេញមួយខែតែម្តង មិនមែនរៀបចំតែ៣ថ្ងៃទេ ។
អ្នកនាង Paetongtarn Shinawatra មានតួនាទីជាអនុប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ Soft Power ប្រទេសថៃ លើកឡើងថា លទ្ធផលកិច្ចប្រជុំនេះ ផ្នែកឧស្សាហកម្មចំនួន១១ បានស្នើសុំថវិកាត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ។ ដូច្នេះ គម្រោងនេះនឹងទាក់ទាញភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃកាន់តែច្រើន ។
អ្នកនាងបន្តថា បន្ទាប់ពីនេះ យើងនឹងស្នើសុំថវិកាតាមដំណាក់កាលបន្តទៀតសម្រាប់រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ហើយវាមិនមែនជាពិធីបុណ្យដែលរៀបចំឡើងដូចពីមុនទៀតទេ ប៉ុន្តែប្រទេសថៃនឹងរៀបចំពិធីបុណ្យនេះយ៉ាងអធិកអធមបំផុត ។ ពិធីបុណ្យនេះមានឈ្មោះថា «មហាសង្ក្រាន្ត World Water Festival – The Songkran Phenomenon» ដើម្បីឱ្យភ្ញៀវទេសចរនៅទូទាំងពិភពលោក មកចូលរួមកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅប្រទេសថៃ ។
ចំណែកការលេងទឹកក្នុងពិធីបុណ្យចូលឆ្នាំថ្មី គឺមិនលេងទឹកត្រឹមតែ៣ថ្ងៃនោះទេ ប៉ុន្តែប្រទេសថៃនឹងរៀបចំឱ្យមានការលេងទឹកពេញមួយខែ ព្រមទាំងរៀបចំកម្មវិធីផ្សេងៗនៅតាមបណ្តាខេត្តទាំង៧៧ ផងដែរ ។ ហេតុនេះ គម្រោងខាងលើនឹងជំរុញឱ្យប្រទេសថៃស្ថិតក្នុងចំណោមប្រទេសចំនួន១០ ដែលបានរៀបចំពិធីបុណ្យដ៏ល្អបំផុតនៅលើពិភពលោក ។
ក្នុងកិច្ចប្រជុំគណៈកម្មការជាតិអភិវឌ្ឍន៍ Soft Power ប្រទេសថៃ យើងបានឯកភាពគ្នាថា ភ្នាក់ងារពាក់ព័ន្ធត្រូវតែពិគ្រោះយោបល់ជាមួយផ្នែកផ្តល់ថវិកា ពីព្រោះគម្រោងនេះនឹងត្រូវស្នើសុំថវិកាពីរដ្ឋាភិបាល ឬសុំថវិកាពីការិយាល័យកណ្តាល ។ ប៉ុន្តែគម្រោងទាំងអស់នឹងត្រូវរួចរាល់មុនថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីឱ្យគណៈកម្មការពិចារណាម្តងទៀត ៕










