អស់រយៈពេល២ខែហើយដែល លឹម សេរីហាន់នីកា កូនក្រុម ពេជ្រ សោភា ក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣។ ស្របពេលអ្នកគាំទ្រទន្ទឹមរង់ចាំបទចម្រៀងដំបូងរបស់ម្ចាស់ពានរូបនេះទីបំផុតផលិតកម្មរស្មីហង្សមាសបានទម្លាក់បទដំបូងរបស់នាងហើយជាប្រភេទមនោសញ្ចេតនា ខណៈអ្នកគាំទ្របានបញ្ចេញមតិជាច្រើនទៅលើបទចម្រៀងដំបូងរបស់ម្ចាស់ពានរូបនេះ។.jpg)
នៅយប់ថ្ងៃទី១ ខែធ្នូ ស្វាគមន៍ដើមខែថ្មីផលិតកម្មរស្មីហង្សមាសបានទម្លាក់បទដំបូងរបស់ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ គឺកញ្ញា លឹម សេរីហាន់កា បន្ទាប់ពីជាប់ជ័យលាភីឯកក្នុងការប្រកួត។ បទដំបូងរបស់ ហាន់នីកា មានចំណងជើងថា «ឯណាពាក្យស្មោះ?» និពន្ធទំនុកច្រៀងដោយ Oun Teang និពន្ធបទភ្លេង និង សម្រួលតន្ត្រីដោយលោក ឈិត តេងរិទ្ធ។
បទមនោសញ្ចេតនាឈឺចុកចាប់ខាងលើនេះត្រូវបាន លឹម សេរីហាន់កា បកស្រាយបានយ៉ាងពីរោះជាមួយការដាក់អារម្មណ៍យ៉ាងផ្ចិតផ្ចង់ ធ្វើឱ្យអ្នកស្តាប់បទ «ឯណាពាក្យស្មោះ?» របស់នាងហើយសឹងតែចូលតួទៅតាមបទចម្រៀងដោយមានការកោតសរសើរយ៉ាងច្រើនពីទស្សនិកជន។
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិទៅលើបទចម្រៀងដំបូងរបស់ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ថា «ម្ចាស់ពានគឺមិនធ្វើឱ្យខកបំណងពិតមែន, ពីរោះខ្លាំងណាស់, សំឡេងនីកាដាក់បទអីក៏ត្រូវដែរ, ពីរោះខ្លាំងច្រៀងដាក់មនោសញ្ចេតនាបានល្អណាស់អូន, ពីរោះណាស់ឱ្យអួយ៎!ព្រឺសម្បុរហើយអូន ដាក់បទអីក៏ត្រូវសំឡេង unique ថាមពលធម្មជាតិពិតៗជាតិណាស់ៗ មនោសញ្ចេតនាចំមនោសញ្ចេតនាចង់រ៉េបៗបាន ស័ក្តិសមសំនៀងម្ចាស់ជ័យលាភី, ស្អាតហើយច្រៀងពីរោះណាស់, ពីរោះខ្លាំងណាស់អាយដលតូច, ស្តាប់ម្តងហើយម្តងទៀតពីរោះណាស់មិនស្តាយដែលបោះឆ្នោតគាំទ្រសំឡេងគាត់ពីរោះពូកែអូសត្អួតត្អែរព្រឺសម្បុរ»។
គួរបញ្ជាក់ផងដែរថា លឹម សេរីហាន់នីកា ក្លាយជាម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ កាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ជាម្ចាស់ពានដំបូងនៅក្នុងកម្មវិធីនេះជានារី ហើយទទួលបានត្រឹមមួយកៅអីប៉ុណ្ណោះពីគ្រូបង្វឹក ពេជ្រ សោភា ខណៈមានវ័យត្រឹម១៦ឆ្នាំ៕










