ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី។

ក្រុមការងារចម្រុះនេះ មានភារកិច្ចចាំបាច់ដូចខាងក្រោម៖

  • ទទួលពាក្យបណ្ដឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រួចបញ្ជូនទៅជំនាញពាក់ព័ន្ធ ឬធ្វើរបាយការណ៍គោរពស្នើសុំគោលការណ៍ ដឹកនាំ ឬពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
  • សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ ទប់ស្កាត់ក្រុមអ្នកតវ៉ាដែលមានមនុស្សច្រើននាក់ ក្នុងបំណងមកដាក់ពាក្យបណ្ដឹងតវ៉ាផ្សេងៗ ជូនសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដោយព្យាយាមពន្យល់អំពីនីតិវិធីជូនក្រុមអ្នកតវ៉ា ឱ្យយល់អំពីច្បាប់ និងឯកសារផ្សេងៗដែលពាក់ព័ន្ធ
  • ទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកលើក្រុមអ្នកតវ៉ា
  • អនុប្រធាន និងសមាជិក ក្រុមការងារចម្រុះត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានក្រុមការងារ៕