នៅថ្ងៃទី៣០ ខែវិច្ឆិកា តារាសម្តែង Kathryn Bernardo បានបង្ហោះនៅលើ Instagram ថាជីវិតគូរយៈពេល១១ឆ្នាំជាមួយមិត្តប្រុស Daniel Padilla ដែលជាស្នេហាដំបូងរបស់នាងត្រូវបញ្ចប់ ដោយអ្នកទាំងពីរបានបែកគ្នាមួយរយៈហើយទីបំផុតពួកគេមិនអាចវិលទៅរកសភាពដើមបាន។ ការបែកគ្នានេះដែរតារាសម្តែងល្បីឈ្មោះរូបនេះសង្ឃឹមថាអ្នកគាំទ្រទទួលយកការបែកបាក់របស់ពួកគេខណៈអ្នកគាំទ្រ រួមទាំងអ្នកសិល្បៈហ្វីលីពីនច្រើនរូបសុទ្ធតែបង្ហាញការសោកស្តាយចំពោះចំណងស្នេហ៍នេះដែលឈានដល់ថ្ងៃប្រេះឆា។
តាមខ្លឹមសារដែល Kathryn បង្ហោះមានអត្ថន័យថា « Daniel អ្នកបានផ្តល់ឱ្យខ្ញុំ ១១ ឆ្នាំដ៏ស្រស់ស្អាត។ សេចក្តីស្រឡាញ់របស់ខ្ញុំនឹងតែងតែត្រូវបានគេស្រឡាញ់។ ខ្ញុំនឹងដឹងគុណជានិច្ច» ។ ចំណែកឯ Daniel បានឆ្លើយតបនៅលើ Instagram ផ្ទាល់ខ្លួនរបស់លោកជាមួយនឹងរូបថតរបស់អ្នកទាំងពីរដោយបានអរគុណដល់ Kathryn ដែលបានចំណាយពេលវេលាស្រលាញ់គ្នាជាមួយលោកដោយរំលឹកថា ទោះលំបាកយ៉ាងណាក៏ពួកគេទាំងពីរគួរតែព្យាយាមទន្ទឹងរង់ចាំថ្ងៃអនាគតជានិច្ច។
ការប្រកាសបែកគ្នានេះដែរ មិត្តក្នុងចង្កោមសិល្បៈ និងអ្នកគាំទ្រទាំងក្នុងនិងក្រៅជាច្រើនមានការសោកស្តាយចំពោះរឿងស្នេហារបស់តារាសម្តែងទាំងពីររូបនេះ មិនគួរឈានដល់ចំណុចនេះព្រោះស្នេហារបស់ពួកគេតែងតែទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជុំវិញខ្លួន។
តារាសម្តែង Kathryn Bernardo មានអាយុ២៧ ឆ្នាំត្រូវបានទស្សនិកជនស្គាល់តាមរយៈតួនាទីជាច្រើនក្នុងខ្សែភាពយន្តជាច្រើនហើយអ្នកគាំទ្រកម្ពុជាភាគច្រើនស្គាល់នាងតាមរយៈរឿង វាសនានាង ម៉ារ៉ា និង ក្លារ៉ា ។ តារាស្រីរូបនេះត្រូវបានគេចាត់ទុកថាជាសិល្បការិនីមួយរូបក្នុងវិស័យកម្សាន្តហ្វីលីពីនដែលមានអ្នកគាំទ្រច្រើនទាំងក្នុងនិងក្រៅប្រទេស។
Daniel Padilla មានអាយុ២៨ ឆ្នាំគឺជាតារាសម្តែង ម៉ូដែល និងជាតារាចម្រៀងហើយលោកគឺជាស្នេហាដំបូងរបស់ Kathryn ដោយអ្នកទាំងពីរបានស្រលាញ់គ្នាពេលធ្វើការជាមួយគ្នាក្នុងរឿងភាគទូរទស្សន៍ Growing Up ឆ្នាំ២០១១-២០១២ និងបានបន្តសហការគ្នាសម្តែងក្នុងរឿងជាច្រើនទៀត។ ក្នុងឆ្នាំ២០១៦ អ្នកទាំងពីរបានទទួលពានរង្វាន់ Blue Star ក្នុងប្រភេទតារាបរទេសដែលមានប្រជាប្រិយបំផុតផ្នែកតារាសម្តែង៕











