ប្រទេសស៊ុយអែត ៖ ប្រទេសស៊ុយអែតត្រៀមដាក់ឱ្យដំណើរការនាវាអគ្គិសនីអាចហោះបានជាលើកដំបូងនៅលើពិភពលោក ដោយនាវានេះនឹងប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសាធារណៈនៅទីក្រុង Stockholm នៅឆ្នាំ២០២៤ ។ បើតាមអ្នកផលិតនាវាអគ្គិសនីឱ្យដឹងថា អ្នកដំណើរអាចកាត់បន្ថយពេលវេលាការធ្វើដំណើរពី៥៥នាទី មកនៅត្រឹមតែ២៥នាទីប៉ុណ្ណោះ ។
នាវាអគ្គិសនីមានឈ្មោះថា Candela P-12 បានទទួលការរចនាម៉ូដ និងផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសស៊ុយអែត ឈ្មោះ Candela Technology AB ។ នាវានេះមានប្រវែងសរុប១២ម៉ែត្រ និងអាចដំណើរការបានដោយសារថាមពលថ្មទំហំ២៥២គីឡូវ៉ាត់ម៉ោង និងអាចផ្ទុកអ្នកដំណើរបានរហូតដល់៣០នាក់ ។
ក្រុមហ៊ុនផលិតនាវាលើកឡើងថា នាវានេះនឹងអាចហោះនៅលើផ្ទៃទឹកក្នុងល្បឿនពី៤៦គីឡូម៉ែត្រ ទៅ៥៦គីឡូម៉ែត្រក្នុង១ម៉ោង ។ រីឯការសាកថ្មនាវា១លើក អាចធ្វើដំណើរបានប្រមាណ៩២គីឡូម៉ែត្រ ។
Gustav Hasselskog ជានាយកគ្រប់គ្រងក្រុមហ៊ុននិយាយថា នាវាអាចហោះបានដោយសារបច្ចេកវិទ្យាមួយហៅថា Hydrofoils ។ បច្ចេកវិទ្យានេះអាចធ្វើឱ្យនាវាហោះនៅលើផ្ទៃទឹក និងជួយឱ្យនាវាអាចធ្វើដំណើរបានលឿន ។ លើសពីនេះ នាវាអគ្គិសនី Candela P-12 ប្រើប្រាស់ថាមពលតិចជាងនាវាទូទៅ ។
ក្រុមហ៊ុនផលិតនាវាបញ្ជាក់ថា នាវានេះបានបំពាក់ម៉ាស៊ីនចំនួន២គ្រឿង និងគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ ដែលអាចទប់ស្កាត់ចលនានាវាបានរហូតដល់១០០លើកក្នុង១វិនាទី ។ ដូច្នេះ វាអាចជួយកាត់បន្ថយអាការៈពុលនាវារបស់អ្នកដំណើរបាន ។ នាវាអគ្គិសនីនឹងដំណើរការចាប់ពីឆ្នាំ២០២៤ តទៅ ហើយវានឹងធ្វើដំណើរពីជាយក្រុង Ekerer ទៅកាន់ទីក្រុង Stockholm ។ ជាធម្មតា គេបានចំណាយពេលធ្វើដំណើរចំនួន៥៥នាទី ប៉ុន្តែបើធ្វើដំណើរតាមនាវាអគ្គិសនី នឹងចំណាយពេលត្រឹមតែ២៥នាទីប៉ុណ្ណោះ ។
Gustav Hasselskog នាយកគ្រប់គ្រងក្រុមហ៊ុនប្រាប់ថា ៖ «បច្ចុប្បន្ន មានការកកស្ទះចរាចរណ៍នៅតាមបណ្តាទីក្រុងជាច្រើន ខណៈការធ្វើដំណើរតាមផ្លូវទឹក គឺជាវិធីធ្វើដំណើរតាំងពីសម័យបុរាណមកម៉្លេះ ប៉ុន្តែការធ្វើដំណើរតាមផ្លូវទឹកមានចំនួនតិចតួចនៅឡើយ ។ នាវា Candela P-12 នឹងជួយឱ្យអ្នកដំណើរទាំងអស់អាចធ្វើដំណើរពីទីក្រុងមួយទៅកាន់ទីក្រុងមួយទៀតយ៉ាងឆាប់រហ័ស» ៕










