បរទេស៖ លោកយាយ Maria Branyas Morera អាយុ ១១៦ ឆ្នាំ ដែលបច្ចុប្បន្នគាត់រស់នៅក្នុងរដ្ឋ San Francisco នៃប្រទេសសហរដ្ឋអាមេរិក ត្រូវបានកត់ត្រាក្នុងសៀវភៅ Guinness Book of Records ថាជាមនុស្សដែលមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក។
យោងតាមគេហទំព័រ CBS បានឱ្យដឹងថា លោកយាយ Maria Branyas Morera បានឆ្លងកាត់សង្គ្រាមលោកចំនួនពីរ គឺសង្រ្គាមស៊ីវិលអេស្ប៉ាញ និងថ្មីៗបំផុតគឺជំងឺរាតត្បាត Covid ១៩។ បច្ចុប្បន្នលោកយាយមិនមានបញ្ហាសុខភាពច្រើនទេ ទោះបីជាគាត់មានអាយុ ១១៦ ឆ្នាំក៏ដោយ ក៏ការគិតរបស់គាត់ច្បាស់ណាស់ ដោយគាត់ចងចាំយ៉ាងច្បាស់ពីពេលដែលគាត់មានអាយុ ៤ ឆ្នាំ ហើយមិនមានជំងឺសរសៃឈាមបេះដូងទេ។
លោកយាយ Maria បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ជារៀងរាល់ថ្ងៃគាត់មានសុខភាពល្អខ្លាំងណាស់ គ្រាន់តែមានបញ្ហាបន្តិចបន្តួចក្នុងការចល័ត និងការស្តាប់ប៉ុណ្ណោះ។ Maria បានបន្តទៀតថា គាត់ទទួលបានសុខភាពល្អបែបនេះ គឺដោយសារតែគាត់តែងតែញ៉ាំទឹកដោះគោជូរធម្មជាតិជារៀងរាល់ថ្ងៃ ហើយញ៉ាំក្នុងកម្រិតមធ្យម មិនតឹងរ៉ឹងពេកនោះទេ។ ដូច្នេះ ដើម្បីរស់នៅបានយូរអង្វែង ចាំបាច់ត្រូវមានរបៀបរស់នៅប្រកបដោយសណ្តាប់ធ្នាប់ ស្ងប់ស្ងាត់ ទំនាក់ទំនងល្អជាមួយគ្រួសារ និងមិត្តភក្តិ ក៏ដូចជាទំនាក់ទំនងជាមួយធម្មជាតិ ស្ថេរភាពអារម្មណ៍ មិនខ្វល់ខ្វាយ មិនសោកស្តាយ គិតវិជ្ជមាន និងនៅឱ្យឆ្ងាយពីមនុស្សអវិជ្ជមាន។
លោកយាយ Maria ជឿជាក់ថា ការដែលគាត់មានអាយុវែងអាចមកពីសំណាង និងហ្សែនល្អ ព្រោះក្នុងគ្រួសាររបស់គាត់ អ្នកខ្លះក៏មានអាយុលើសពី ៩០ ឆ្នាំដែរ។
ទោះជាយ៉ាងណាក៏ដោយ យោងតាម Manel Esteller នាយកវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកឈាម Josep Carreras និងជាសាស្រ្តាចារ្យផ្នែកពន្ធុវិទ្យានៅសាកលវិទ្យាល័យ Barcelona រួមជាមួយអ្នកវិទ្យាសាស្ត្រអេស្ប៉ាញបានប្រមូលគំរូ DNA របស់លោកយាយ Maria ដើម្បីស្វែងយល់បន្ថែមអំពីអាយុវែងរបស់គាត់។
Esteller ក៏បានធ្វើការស្រាវជ្រាវដោយប្រៀបធៀបហ្សែនរបស់លោកយាយជាមួយនឹងកូនទាំងពីររបស់លោកយាយ រួមទាំងកូនស្រីដែលនៅរស់ និងកូនប្រុសម្នាក់ដែលបានស្លាប់ ដោយសង្ឃឹមថាការស្រាវជ្រាវកោសិការបស់ម៉ារីយ៉ានឹងផ្តល់នូវតម្រុយថ្មីអំពីរបៀបដោះស្រាយបញ្ហាសរសៃប្រសាទដែលទាក់ទងទៅនឹងអាយុ ឬជំងឺសរសៃឈាមបេះដូងនិងមហារីក៕