ប្រទេសឥណ្ឌូណេស៊ី ៖ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ គេហទំព័រ World of Buzz បានចុះផ្សាយពីវីដេអូមួយកំពុងតែល្បីល្បាញនៅក្នុងបណ្តាញសង្គម TikTok ក្រោយពីស្វាមីបាននាំភរិយារបស់ខ្លួនទៅប្រគល់ឱ្យម្តាយក្មេកវិញ ដោយសារភរិយាមិនចេះធ្វើការងារផ្ទះ ហើយនាងពូកែតែរឿងម្យ៉ាងប៉ុណ្ណោះ ។
ហេតុការណ៍នេះបានកើតឡើងនៅប្រទេសឥណ្ឌូណេស៊ី ហើយក្នុងវីដេអូគេឃើញស្វាមីរូបនេះបាននាំភរិយាទៅប្រគល់ឱ្យម្តាយក្មេកដល់មុខផ្ទះ ។ ក្រោយមក បុរសជាស្វាមីបានហៅម្តាយក្មេកមកជជែកជាមួយខ្លួន និងទទួលយកកូនស្រីទៅនៅជាមួយវិញ ។ ស្វាមីនិយាយថា ៖ «នាងមិនចេះធ្វើម្ហូបទេ ហើយបោកខោអាវក៏អត់ចេះដែរ នាងពូកែតែខាងទិញទំនិញអនឡាញប៉ុណ្ណោះ» ។
ស្វាមីបន្តថា ៖ «ខ្ញុំសោកស្តាយណាស់ដែលបានរៀបការជាមួយនាង ។ ខ្ញុំបានចំណាយប្រាក់យ៉ាងច្រើនដើម្បីរៀបចំពិធីមង្គលការ ហើយអ្វីដែលខ្ញុំទទួលបាន គឺនាងចេះតែទិញទំនិញអនឡាញប៉ុណ្ណោះ» ។
ស្វាមីបន្ថែមថា ៖ «ខ្ញុំប្រគល់នាងឱ្យម្តាយនាងហើយ ។ ខ្ញុំមិនដឹងថា ហេតុអ្វីត្រូវមករៀបការជាមួយមនុស្សមិនចេះធ្វើការងារផ្ទះ ។ ខ្ញុំបានប្រគល់អ្វីគ្រប់យ៉ាងឱ្យនាង ប៉ុន្តែខ្ញុំមិនទទួលអ្វីត្រឡប់មកវិញសោះ» ។
លើសពីនេះ ស្វាមីក៏បានរិះគន់ម្តាយក្មេកផងដែរ ដែលគាត់មិនបានអប់រំកូនស្រីអំពីការធ្វើជាភរិយា និងជាមេគ្រួសារដ៏ល្អ ។ ប៉ុន្តែម្តាយក្មេកឆ្លើយតបថា ៖ «អ្នកមិនគួរធ្វើដាក់កូនស្រីខ្ញុំដូចអ្នកបម្រើទេ ពីព្រោះយ៉ាងហោចណាស់ កូនស្រីខ្ញុំស្រស់ស្អាត» ។
ម្តាយក្មេកសួរត្រឡប់ទៅវិញថា ៖ «កាលពីមុន នៅពេលសេពគប់ឃើញថា ស្រុះស្រួលគ្នា ហេតុអ្វីពេលនេះ បែរជាផ្លាស់ប្តូរគ្រប់យ៉ាងអស់? តើបានគិតច្បាស់លាស់ហើយឬនៅថា សម្រេចចិត្តលែងលះគ្នា? តើឱ្យកូនស្រីខ្ញុំធ្វើជាអ្នកបម្រើរបស់អ្នក មែនទេ?» ។
ទោះយ៉ាងណា កូនប្រសាររូបនេះនៅតែប្រកាន់ជំហរតាមការសម្រេចចិត្តរបស់ខ្លួន ព្រមទាំងប្រាប់ថា ភាពស្រស់ស្អាតរបស់ភរិយាមិនអាចជួយនាងឱ្យចេះធ្វើការងារផ្ទះនោះទេ ៕
.jpg)










