ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃផ្សាយថា អ្នកនាង Chatuporn Rojanapanich មន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខ បានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងវិធានការគ្រប់គ្រងអ្នកសុំទាននៅប្រទេសថៃថា ៖ «សូមសំណូមពរឱ្យពលរដ្ឋថៃគ្រប់រូបជួយគ្នាទប់ស្កាត់អ្នកសុំទាន ដោយចាប់ផ្តើមពីខ្លួនយើងមុនគេ ។ អ្នកសុំទានដឹងថា ពលរដ្ឋថៃជាមនុស្សចិត្តបុណ្យ ហើយពេលឃើញអ្នកណាម្នាក់គួរឱ្យអាណិត ពួកគេចង់ជួយសង្គ្រោះ» ។
អ្នកនាង Chatuporn Rojanapanich មន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខលើកឡើងថា យើងគ្រប់គ្នាត្រូវយល់ជាមុនថា ការសុំទាន គឺជាទង្វើខុសច្បាប់នៅប្រទេសថៃ ។ ពេលយើងធ្វើបុណ្យឱ្យប្រាក់អ្នកសុំទាន គឺស្មើនឹងយើងជួយជំរុញឱ្យមានការប្រព្រឹត្តខុសច្បាប់ ហើយអ្នកសុំទាននឹងមិនអស់ពីប្រទេសថៃទេ ។ ហេតុនេះ ពលរដ្ឋថៃម្នាក់ៗត្រូវចាប់ផ្តើមពីខ្លួនឯងមុន ដោយបញ្ឈប់ការផ្តល់ប្រាក់ឱ្យអ្នកសុំទាន ហើយត្រូវជួយគ្នាតាមដាន ។
អ្នកនាង Chatuporn ថ្លែងថា ៖ «បើជួបអ្នកសុំទាននៅកន្លែងណា ត្រូវប្រញាប់ជូនដំណឹងមកកាន់ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខ ពីព្រោះការសុំទាននៅប្រទេសថៃជាទង្វើខុសច្បាប់ ។ ពលរដ្ឋថៃអាចជូនដំណឹងមកកាន់ក្រសួង ហើយក្រសួងនឹងមានក្រុមការងារចុះទៅត្រួតពិនិត្យដល់កន្លែងភ្លាមៗ ក្នុងរយៈពេល២៤ម៉ោង» ។
ចំណែកអ្នកសុំទានជាជនជាតិថៃវិញ នាយកដ្ឋានអភិវឌ្ឍន៍សង្គម និងសុខុមាលភាពបានប្រមូលទិន្នន័យ និងចុះត្រួតពិនិត្យនៅតាមតំបន់នីមួយៗឃើញថា អ្នកសុំទានថៃសរុបស្មើប្រមាណ៥.០០០នាក់ ក្នុងចំណោមនេះ អ្នកសុំទានចំនួន៣.០០០នាក់ឈប់ប្រកបមុខរបរសុំទាន ហើយពួកគេបានត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារវិញ ។ រីឯអ្នកសុំទានចំនួន១.០០០នាក់ទៀតបានសុំមករស់នៅក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខ ។ ហេតុនេះ បើពលរដ្ឋថៃគ្រប់រូបជួយគ្នាការពារតាំងពីដើមទី វានឹងអាចដោះស្រាយបញ្ហាអ្នកសុំទានបាន ។
តាមសេចក្តីរាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០២៣ ប៉ូលិសថៃអាចចាប់ឃុំខ្លួនអ្នកសុំទានជនជាតិចិនមានលក្ខណៈដូចជនពិការចំនួន៦នាក់ ដោយពួកគេបានមកសុំទានជាខ្សែបណ្តាញ ។ ករណីនេះស្រដៀងគ្នានឹងករណីអ្នកសុំទាននៅឆ្នាំ២០១៩ ដែរ ពេលនោះ ប្រទេសថៃរកឃើញក្រុមអ្នកសុំទានជនជាតិចិនចូលមកថៃ រហូតដល់៦៨នាក់ ។ ពួកគេបានធ្វើពុតជាមនុស្សគថ្លង់ ឬនិយាយថា ខ្លួនមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែការពិត ពួកគេមានរាងកាយល្អធម្មតា ។ តាមការប្រមូលទិន្នន័យបង្ហាញថា ប្រាក់ចំណូលរបស់អ្នកសុំទានម្នាក់ៗស្មើរហូតដល់ជាង១ម៉ឺនបាតឯណោះក្នុង១ថ្ងៃ ដោយសារពលរដ្ឋថៃជាមនុស្សចិត្តបុណ្យ ។
ចំណែកអ្នកសុំទានជនជាតិចិនទាំង៦នាក់ដែលមានរូបរាងដូចជនពិការ ហើយត្រូវប៉ូលិសថៃចាប់បាននៅឆ្នាំ២០២៣ បើតាមការស៊ើបអង្កេតជំហានដំបូងបង្ហាញថា ពួកគេបានចូលមកសុំទាននៅប្រទេសថៃដោយការស្ម័គ្រចិត្ត ដោយសារពលរដ្ឋថៃចិត្តល្អ និងចង់ជួយអ្នកដទៃ ។ ហេតុនេះ ទើបបណ្តាលឱ្យអ្នកសុំទានបរទេសនិយមមកប្រទេសថៃ ដោយសារអាចរកប្រាក់ចំណូលបានស្រួល ៕










