តារាចម្រៀងសំឡេងធ្ងន់ សួ វិចិត្រ និងជាម្ចាស់ពាន Beat The Best ត្រូវបានអ្នកមួយចំនួនប្រើពាក្យសម្តីសើចចំអក មាក់ងាយ មើលលើមើលក្រោមបន្ទាប់ពីលោកធ្វើដំណើរទៅច្រៀងគ្មានរថយន្តទំនើបៗជិះដូចគេ។ ដោយសារតែពាក្យសម្តីខ្លះចាក់ដោតអារម្មណ៍របស់លោកខ្លាំងពេក តារាចម្រៀងរូបនេះបានបកស្រាយពីហេតុផលដែលខ្លួនមិនមានរថយន្តទំនើបជិះ និងបានលើកឡើងថាការបកស្រាយចម្រៀងគឺពឹងទៅលើសំឡេងមិនមែនមើលទៅលើរថយន្តទំនើបឬមិនទំនើបនោះទេ។No photo description available.

នៅយប់ថ្ងៃទី២១ វិច្ឆិកា តារាចម្រៀង សួ វិចិត្រ បានបង្ហោះវីដេអូជិត៩នាទីរៀបរាប់ពីអារម្មណ៍របស់ខ្លួនក្រោយពីជិះឡានមិនទំនើបទៅច្រៀងដោយអ្នកខ្លះប្រើក្រសែភ្នែកនិងពាក្យសម្តីសើចចំអកដាក់លោក។ សួ វិចិត្រ បាននិយាយថា «បន្តិចទៀតខ្លួននឹងបង់រំលោះឡានទំនើបហើយឱ្យគេស្ទួចដាក់លើឆាកច្រៀងតែម្តង »។ ការដែលតារាចម្រៀងហង្សមាសរូបនេះនិយាយបែបនេះដោយសារតែស្រគៀរត្រជាក់ខ្លាំងពេកដោយខ្លះនិយាយថាទៅច្រៀងបែបហ្នឹងម្តេចមិនដូរឡានខ្ពស់ៗ ទំនើបៗទៅ។ សួ វិចិត្រ ថាមានបងប្អូនខ្លះនិយាយបែបនេះលោកមិនប្រកាន់ទេ តែអ្នកមួយចំនួននិយាយមកគឺចាក់ដោតលោកតែម្តងដោយខ្លួនឆ្ងល់ថាមនុស្សជាអ្នកច្រៀងតើមានទាក់ទងអីនឹងឡាន ជិះឡានអ្វីក៏ទៅច្រៀងបានដូចគ្នាហេតុអ្វីទៅឱ្យតម្លៃទៅលើឡានទៅវិញ។No photo description available.

ម្ចាស់បទ «ជួបមនុស្សសម្តែង» រូបនេះបានបន្តថា អ្នកមួយចំនួនគឺមើលលើមើលក្រោមជា ខ្សឹបខ្សៀវគ្នា ពិសេសអ្នកហៅទៅច្រៀងតែម្តង។ លោកបន្តថា ខ្លួនគ្មានលុយទាំងដុំទៅទិញនោះទេបើទិញក៏ត្រូវបង់រំលោះ ក៏ត្រូវជំពាក់គេដែរ។ វិចិត្រ ថាឡានរបស់ខ្លួនបច្ចុប្បន្ន(ម៉ាកព្រុស) មិនសូវមានបញ្ហា ធ្វើអស់តិចហើយស៊ីសាំងតិចទៀត ខ្លួនមិនមែនជាមនុស្សដែលមិនចង់បានរបស់ល្អ ស៊ីវិល័យប្រើនោះទេគឺចង់បានរបស់ល្អប្រើដូចគ្នា ប៉ុន្តែបើការចង់បានរបស់យើងធ្វើឱ្យយើងលំបាក ធ្វើឱ្យយើងវេទនា ជំពាក់បុលគេយកមកធ្វើអ្វី ឡានទំនើបមិនទំនើបគឺជិះបានដូចគ្នាព្រោះខ្លួនត្រូវមានប្អូន មានម្តាយក្រោមបន្ទុកត្រូវមើលថែមិនអាចហក់លោតរញ៉េរញៃបានទេ។No photo description available.

ម្ចាស់ពានរូបនេះ បន្ថែមថា អ្នកខ្លះគាត់និយាយគឺចង់ឱ្យខ្លួនល្អ តែអ្នកខ្លះទៀតប្រើសម្តីមាក់ងាយតែម្តងមើលលើមើលក្រោម។ លោកយល់ពីការហៅតួទៅច្រៀងតែលោកមិនចង់ឱ្យមនុស្សឱ្យតម្លៃតែលើសម្ភារៈនិយមទេគឺចង់ឱ្យមានការផ្តល់តម្លៃទៅលើសមត្ថភាពទៅលើសំឡេង។ សួ វិចិត្រ ថាបើនិយាយពីរូបរាងលោកមិនឈ្នះគេទេ តែបើសំឡេងក៏លោកមិនឈ្នះគេដាច់ដែរម៉ាល្មមដូចគេដូចឯង។No photo description available.

សូមរម្លឹកផងដែរថា សួ វិចិត្រ ក្លាយជាម្ចាស់ពាន Beat The Best កាលពីខែមីនា ឆ្នាំ២០២២។ ទឹកដមសំឡេងរបស់លោកសូម្បីតែរៀមច្បង សួស វីសា បានពោលសរសើរលោកចំៗនៅកណ្តាលឆាកកម្មវិធីប្រគំតន្រ្តីមួយថាសំឡេងម្ចាស់ពានរូបនេះមានសំឡេងពីរោះទោះបីជាច្រៀងផ្ទាល់គឺដូចចាក់ឌីសតែម្តង៕