ទំព័រហ្វេសប៊ុកថៃបានចុះផ្សាយថា ជនបរទេសភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលពួកគេបានឃើញការធ្វើចរាចរនៅប្រទេសវៀតណាម ។ ជាទូទៅ អ្នកដំណើរនៅតាមផ្លូវមិនបានខ្វល់ពីអ្នកដំណើរផ្សេងទៀតទេ ហើយពួកគេគិតតែបើកបរទៅមុខរៀងៗខ្លួន រីឯច្បាប់ចរាចរណ៍ ក៏មិនគោរពដែរ ។ លើសពីនេះ បើទោះជាប៉ូលិសចរាចរវៀតណាមបានឈរប្រចាំការនៅផ្លូវបំបែកជា៤ ក្តី ក៏គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ដែរ ។
ទំព័រហ្វេសប៊ុកនេះជឿថា មនុស្សភាគច្រើនបានដឹងយ៉ាងច្បាស់ថា ការធ្វើចរាចរនៅវៀតណាមល្បីល្បាញថា អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរគ្មានសណ្តាប់ធ្នាប់ ។ គេសង្កេតឃើញថា អ្នកជិះម៉ូតូជាច្រើនគ្រឿងចូលចិត្តចុចស៊ីប្លេគ្រប់ពេលវេលា ហើយនៅពេលចង់បត់ឆ្វេង ឬបត់ស្តាំ ពួកគេមិនផ្តល់សញ្ញាឱ្យអ្នកបើកបរដូចគ្នាទេ រហូតដល់ភ្ញៀវទេសចរអន្តរជាតិនិយាយថា នេះជាការនិយមបើកបរនៅវៀតណាម និងគ្មានប្រទេសណាដូច ។
កន្លងមក មានអ្នកថតវីដេអូពីការធ្វើចរាចរនៅវៀតណាមយកទៅបង្ហោះក្នុងយូធូបជាច្រើន ។ ជាក់ស្តែង យូធូបមួយឈ្មោះ Amazing New Life និយាយថា ៖ «ការស្ទះចរាចរណ៍ភាគច្រើននៅវៀតណាមបានកើតឡើង ជាពិសេស នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ។ ពលរដ្ឋវៀតណាមគ្រប់រូបមានទម្លាប់នឹងការស្ទះចរាចរណ៍ ដោយសារពួកគេមិនយល់ដឹងពីច្បាប់ចរាចរណ៍ ។ ការស្ទះចរាចរណ៍ភាគច្រើនបានកើតឡើងនៅពេលពលរដ្ឋប្រញាប់ទៅធ្វើការ ឬត្រឡប់មកផ្ទះ» ។
ទំព័រហ្វេសប៊ុកនេះបន្តថា អ្នកជិះម៉ូតូភាគច្រើនបានព្យាយាមជិះចេញពីផ្លូវតូចចង្អៀត ហើយនៅថ្ងៃណាមានភ្លៀងធ្លាក់ គឺថ្ងៃនោះ នឹងស្ទះចរាចរណ៍ខ្លាំង ព្រមទាំងមានទឹកលិចនៅតាមផ្លូវទៀតផង ។ ទោះយ៉ាងណា ការស្ទះចរាចរណ៍នៅវៀតណាម មានរយៈពេលជាមធ្យម ចាប់ពី៣០នាទី រហូតដល់២ម៉ោង ។ ដូច្នេះ វាមិនអាក្រក់ពេកទេ បើធៀបនឹងប្រទេសផ្សេងទៀត ។
ខាងក្រោមនេះ គឺជាការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមមួយចំនួន ដែលទំព័រហ្វេសប៊ុកថៃបានដកស្រង់យកមកចុះផ្សាយ ។ ជនបរទេសម្នាក់និយាយថា ៖ «ខ្ញុំបានផ្លាស់មកធ្វើការនៅវៀតណាម និងទិញម៉ូតូ១គ្រឿងនៅឆ្នាំ២០១៨ ។ សាកល្បងនឹកដល់រូបភាពដែលខ្ញុំត្រូវជិះម៉ូតូនេះមើល! សំណាងល្អ ខ្ញុំមិនធ្លាប់ជួបគ្រោះថ្នាក់ទេ តែខ្ញុំបានឃើញគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ» ។ ជនបរទេសម្នាក់ទៀតថា ៖ «ខ្ញុំបានទៅលេងវៀតណាមនៅឆ្នាំ២០១៩ ខ្ញុំចូលចិត្តប្រទេសនេះ ប៉ុន្តែការធ្វើចរាចរធ្វើឱ្យខ្ញុំបារម្ភយ៉ាងខ្លាំង» ។
រីឯជនជាតិថៃនិយាយថា ៖ «ខ្ញុំដឹងថា វៀតណាមស្ទះចរាចរណ៍ និងមានសំឡេងរំខានខ្លាំងនៅតាមផ្លូវ ប៉ុន្តែខ្ញុំមិននឹកស្មានថា វាច្រើនបែបនេះទេ ។ វាជាទម្លាប់របស់ជនជាតិវៀតណាម ហើយខ្ញុំចង់ទៅទីនោះបានម្តង ព្រោះការធ្វើចរាចរនៅប្រទេសថៃមិនបែបនេះទេ» ។
ចំណែកជនបរទេសនិយាយថា ៖ «គួរឱ្យចាប់អារម្មណ៍ណាស់ ដែលពួកគេអាចទៅណាមកណាបានដោយមិនបុកគ្នា ឬត្រូវប្រឈមមុខដាក់គ្នាដោយភាពតានតឹង» ។ រីឯជនជាតិអាមេរិកនិយាយថា ៖ «ខ្ញុំធ្លាប់ទៅលេងសាច់ញាតិនៅវៀតណាម តែខ្ញុំមិនចូលចិត្តច្បាប់ចរាចរណ៍នៅទីនោះសោះ ព្រោះគ្មានអ្នកណាគោរព» ។ ជនបរទេសម្នាក់ទៀតថា ៖ «វៀតណាមគួរផ្លាស់ប្តូររថយន្តទាំងអស់ជា Electric Scooter ដើម្បីឱ្យទីក្រុងមានបរិយាកាសល្អជាងមុន ដូចជា នៅទីក្រុងហូជីមិញ ឬហាណូយ» ។ ជនបរទេសម្នាក់ទៀតថា ៖ «ការធ្វើចរាចរណ៍នៅវៀតណាម ដូចគ្នានឹងយើងកំពុងមើលហ្វូងត្រីហែលទឹកដែរ» ។
ជនបរទេសម្នាក់ទៀតថា ៖ «នេះហើយទើបធ្វើឱ្យគ្រប់គ្នាដែលធ្វើដំណើរតាមផ្លូវនៅវៀតណាមមានតែយុវវ័យ ព្រោះមនុស្សចាស់នឹងមានគ្រោះថ្នាក់ ដោយសារការបើកបរគ្មានសណ្តាប់ធ្នាប់» ។ ជនបរទេសម្នាក់ទៀតថា ៖ «តើមានសង្កេតមើលប៉ូលិសចរាចរនៅតាមផ្លូវទេ? ប៉ូលិសចរាចរមិនយកទោសអ្នកបើកបរគ្រប់រូបដែលរំលោភច្បាប់ចរាចរណ៍ទេ ។ ចំណែកអ្នកបើករថយន្តវិញ ក៏មិនចាប់អារម្មណ៍ជាមួយប៉ូលិសចរាចរដូចគ្នា» ។
ជនបរទេសម្នាក់ទៀតថា ៖ «ផ្លូវនៅវៀតណាមទទួលបានចំណាត់ថ្នាក់ថា ជាផ្លូវអាក្រក់បំផុតសម្រាប់អ្នកបើកបររថយន្ត និងម៉ូតូ ។ គ្រោះថ្នាក់ចរាចរណ៍នៅតែជាមូលហេតុតែមួយដែលបណ្តាលឱ្យមនុស្សស្លា.ប់ច្រើនបំផុតនៅវៀតណាម បើទោះជាប្រទេសនេះព្យាយាមធ្វើឱ្យផ្លូវនានាមានសុវត្ថិភាពក្តី» ។
រីឯជនជាតិប្រេស៊ីលនិយាយថា ៖ «នេះបង្ហាញពីការខ្វះសមត្ថភាពរបស់អាជ្ញាធរគ្រប់គ្រងក្នុងតំបន់ ព្រោះយើងអាចឃើញយ៉ាងច្បាស់ថា គ្មានការកែលម្អផ្លូវជា២ខ្សែឱ្យស្របគ្នា ហើយមិនពង្រីកផ្លូវឱ្យធំទូលាយ ។ លើសពីនេះ គួរដាក់ស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ រួមទាំងធ្វើផ្លូវថ្មើរជើងផងដែរ» ៕










