នាង គន្ធា ដែលជាអ្នកចម្រៀងក្នុងផលិតកម្មសាន់ដេ ម្ចាស់បទ«បេះដូងចេះស្រវឹង» កើតក្តីខឹងសម្បារយ៉ាងខ្លាំងបន្ទាប់មានគេថានាងជាស្រីរបស់ចិនទាំងដែលខ្លួនមិនដឹងអ្វីសោះ រហូតនាងទ្រាំលែងបានតបវិញមួយឆ្ងាញ់ស្តាប់ហើយចុកឈាម។
នៅលើបណ្តាញសង្គមរបស់តារាចម្រៀង នាង គន្ធា នៅល្ងាចថ្ងៃទី២២ វិច្ឆិកា បានបង្ហោះសំណេរថា «មានពូខ្លះថាយើងស្រីចិន ប្រហែលគ្រួសារគាត់លក់ឱ្យចិនបែបបានស្គាល់ចិនច្បាស់ពេក»។ ការដែល នាង គន្ធា លើកឡើងដោយអារម្មណ៍ឆេះឆួលនេះបន្ទាប់ពីមានអ្នកខម្មិនដាក់នាងថា «យកប្តីចិន» ។
មិនត្រឹមតែឆួលអារម្មណ៍ជាមួយពាក្យសម្តីដែលគេថាខ្លួនជាស្រីចិន ប៉ុណ្ណោះទេ តែនាង គន្ធា ក៏បានឆ្លើយតបទៅអ្នកមួយចំនួនថានាងកែសម្ផស្សទើបមានការប្រែប្រួលរូបសម្រស់ខ្លាំងយ៉ាងនេះ។ នាង គន្ធា បានលើកឡើងថា «គេថាខ្ញុំកែ ខ្ញុំកែស្អីខ្លះនិយាយឱ្យអស់មើលអស់អ្នកខំមិនទើស។ គេថាខ្ញុំ ស ដោយសារឡេមិនដឹងអស់ប៉ុន្មានកំប៉ុង មិនដឹងខ្យល់អីសោះចេះតែនិយាយដែរខ្ញុំសដោយសារកាមេរ៉ាទេអ្នកអើយ»។
គេចាំបានដែរថា នាង គន្ធា ជាមួយបងប្រុសបានដឹកដៃគ្នាទៅប្រលងកម្មវិធី Cambodian Idol រដូវកាលទី២ កាលពី៧ឆ្នាំមុន។ ក្រោយពីធ្លាក់ក្នុងកម្មវិធីនេះ នាង គន្ធា ទទួលបានឱកាសធ្វើជាអ្នកចម្រៀងកុងត្រារបស់ផលិតកម្មសាន់ដេ ព្រមទាំងល្បីល្បាញតាមរយៈបទ «បេះដូងចេះស្រវឹង» និងបទមួយចំនួនទៀត។ ជារឿងសោកស្តាយតារាចម្រៀងរូបនេះបានបាត់បង់បងប្រុសកាលពីខែធ្នូ ឆ្នាំ២០២១ ដោយសារគ្រោះថា្នក់ចរាចរណ៍។
ប្រឡូកអាជីពសិល្បៈជាច្រើនឆ្នាំ នាង គន្ធា មានប្រជាប្រិយភាពគួរសមក្នុងអាជីពសិល្បៈដោយលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានាជាច្រើន រីឯរូបសម្រស់របស់នាងវិញកាន់តែស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃរហូតមានអ្នកខ្លះថានាងកែកុនទើបនាងបញ្ចេញសារខាងលើនេះជាដើម។
មកទល់ពេលនេះ នាង គន្ធា មិនទាន់បើកចំហស្នេហ៍ជាមួយបុរសណាឡើយ ប៉ុន្តែគេសង្កេតឃើញថានាង និងកញ្ញា MAMA មានទំនាក់ទំនងជិតស្និទ្ធខ្លាំងដូចជាគូស្នេហ៍ប៉ុន្តែអ្នកទាំងពីរមិនប្រកាសជាសាធារណៈឡើយថាពួកគេជាគូស្នេហ៍ឬគ្រាន់តែមិត្តស្និទ្ធស្នាល៕