ប្រទេសវៀតណាម ៖ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានាធិបតីវៀតណាម លោក Vo Van Thuong បានរៀបចំពិធីទទួលស្វាគមន៍លោក Tim Cook នាយកក្រុមហ៊ុន Apple ហើយមេដឹកនាំវៀតណាមបានសរសើរក្រុមហ៊ុន Apple អំពីការពង្រីកអាជីវកម្ម និងបង្កើតរោងចក្រផលិតនៅវៀតណាម ។ លោក Vo Van Thuong ថ្លែងថា ផលិតផលរបស់ Apple បានផ្តល់ឱកាសជាច្រើនដល់យុវជនវៀតណាម ក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបផ្សេងៗ ។
ប្រធានាធិបតីវៀតណាម លោក Vo Van Thuong បានយល់ព្រមទទួលយកសំណូមពរ និងយុទ្ធសាស្ត្រអាជីវកម្មផ្សេងៗពីក្រុមហ៊ុន Apple ។ លោកប្រធានាធិបតីវៀតណាមសង្កត់ធ្ងន់ថា ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអាមេរិក ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនោះ វាជាឱកាសដ៏ល្អសម្រាប់ Apple អាចពង្រីកការវិនិយោគនៅវៀតណាម ជាពិសេស ឧស្សាហកម្មបច្ចេកវិទ្យាទំនើប ខណៈវៀតណាមបានផ្តល់ភាពសំខាន់ជាចម្បងលើចំណុចទាំងនេះ ។
ចំណែកលោក Tim Cook នាយកក្រុមហ៊ុន Apple ថ្លែងថា វៀតណាមជាចំណែកមួយនៃយុទ្ធសាស្ត្រផ្នែកអាជីវកម្មពិសេសរបស់ Apple ដោយសារផលិតផលជាច្រើនប្រភេទរបស់ក្រុមហ៊ុននេះបានផលិតនៅវៀតណាម ដូចជា ៖ Macbook, ipad និង Apple Watch ។ លើសពីនេះ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមកំពុងរីកចម្រើន បានធ្វើឱ្យក្រុមហ៊ុនអេឡិចត្រូនិក និងបច្ចេកវិទ្យាលំដាប់ពិភពលោកជាច្រើន រួមទាំងក្រុមហ៊ុនអាមេរិកផងដែរ ចូលមកវិនិយោគធ្វើអាជីវកម្មនៅវៀតណាមកាន់តែច្រើន ។ ក្រៅពីនេះ វៀតណាមសម្បូរទៅដោយវិស្វករមានជំនាញខ្ពស់ និងអ្នកជំនាញផ្នែកបច្ចេកវិទ្យា ។
ទោះយ៉ាងណា វៀតណាមចាំបាច់ត្រូវកែលម្អប្រព័ន្ធស្តង់ដារសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា 5G និងកែលម្អច្បាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជីឌីថល រួមទាំងពិចារណាពីកត្តាពាក់ព័ន្ធជាមួយកម្មវិធី ព្រមទាំងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ។ រដ្ឋាភិបាលវៀតណាមបានធ្វើការយ៉ាងលំបាកដើម្បីបង្កើតយន្តការ និងគោលនយោបាយផ្សេងៗឱ្យបានគ្រប់គ្រាន់ ជាពិសេស កែលម្អការវិនិយោគ និងបរិយាកាសអាជីវកម្មនៅវៀតណាម ដើម្បីសម្រួលដល់ការវិនិយោគបរទេស ។
ម្យ៉ាងទៀត វៀតណាមត្រូវព្យាយាមជំរុញស្តង់ដារទូរគមនាគមន៍, កែលម្អច្បាប់ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, គម្រោងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបណ្តុះបណ្តាលបុគ្គលិកផ្នែកឌីជីផល ។ វៀតណាមក៏មានគោលបំណងឱ្យក្រុមហ៊ុន Apple បន្ថែមការវិនិយោគនៅតាមខេត្តផ្សេងៗបន្ថែមទៀត ជាពិសេស នៅបណ្តាខេត្ត និងទីក្រុងធំៗ រួមទាំងមានចំណែករួមក្នុងការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យា 5G នៅវៀតណាមផងដែរ ៕ ប្រភព ៖ AEC connect










