សូមសសើរនិងសូមអរគុណដល់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ដោយលោកប៊ុន ចម្រើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប បានសហការជាមួយនឹងអាជ្ញាធរដែនដីចុះត្រួតពិនិត្យនិងរឹបអូសបានឃ្លាំងស្តុកពងមាន់ខុសច្បាប់មួយកន្លែងដែលមិនមានគុណភាព។
យោងតាមការអោយដឹងថា កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋាន ក.ប.ប បានសហការជាមួយមន្ត្រីជំនាញ បានចុះធ្វើការហាមឃាត់ឃ្លាំងផ្ទុកពងមាន់មួយកន្លែង ដែលក្នុងនោះមានពងមាន់សរុបចំនួន ៨ ១៩០គីឡូក្រាម(ប្រមាណ ១៦៤ ០០០គ្រាប់)។ ដោយបន្ទាប់ពីបានត្រួតពិនិត្យរួចមក ក៏រកឃើញថាពងមាន់ទាំងនោះពុំមានអនុលោមតាមបទបញ្ញាតិត្រឹមត្រូវនោះទេ ក៏ដូចជាគ្មានការបញ្ជាក់គុណភាពត្រឹមត្រូវ និងពុំស្របតាមលក្ខខណ្ឌតម្រូវនៃម្ហូបអាហារ។ យ៉ាងណាមិញ ប្រសិនបើពងមាន់ទាំងនោះរបូតទៅលក់លើទីផ្សារ នោះវានឹងផ្តល់នូវហានិភ័យនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគជាក់មិនខាន។ ហើយផលលំបាកដែលបង្ករដោយទំនិញទាំងនោះមានដូចជា ប៉ះពាល់ដល់ខួរក្បាល កោសិកាប្រាសាទ សម្ពាធឈាមកើនឡើង ធ្វើអោយស្ទះសរសៃឈាមបេះដូង ខូចតម្រងនោម ឈឺក្រពះ និងវិវត្តន៍ទៅជាជំងឺរាំរៃជាច្រើនទៀតផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយោងតាមការបញ្ជាក់អោយដឹងពីមន្ត្រីមានសមត្ថកិច្ចបានប្រាប់អោយដឹងថានៅថ្ងៃ២០ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅនេះ អគ្គនាយកដ្ឋាន ក.ប.ប បានសហការជាមួយកម្លាំងអាជ្ញាធរដែនដី ធ្វើការទប់ស្កាត់ទាន់ពេលវេលា និងបានកម្ទេចចោលពងមាន់ទាំងអស់សរុបជាង ១៦៤ ០០០គ្រាប់នោះ គ្មានសេសសល់ផងដែរ។
ម៉្យាងវិញទៀត អគ្គនាយកដ្ឋាន ក.ប.ប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាធុរកិច្ចជន អាជីវករ និងប្រតិបត្តិករអាជីវកម្មទាំងអស់សូមអនុវត្តឲ្យបានត្រឹមត្រូវតាមនិតិវិធី និងអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសដែលមានចែងជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕











