សារព័ត៌មានបរទេសបានចុះផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ស្ករមានសារសំខាន់សម្រាប់មនុស្សភាគច្រើននៅលើពិភពលោក ប៉ុន្តែបច្ចុប្បន្ន តម្លៃស្ករបានកើនឡើងខ្ពស់នៅគ្រប់ប្រទេស ក្រោយពីបម្រែបម្រួលអាកាសធាតុដោយសារបាតុភូតអេលនីណូនៅតំបន់អាស៊ី ។ វាបានធ្វើឱ្យផលដំណាំផ្សេងៗរបស់កសិករខូចខាតទាំងស្រុង ហើយក្នុងចំណោមដំណាំទាំងនោះ ក៏មានដំណាំសម្រាប់ផលិតស្ករផងដែរ ។
តម្លៃស្ករកើនឡើងបានធ្វើឱ្យមនុស្សមួយចំនួនជួបការលំបាក ដូចជា នៅប្រទេសនីហ្សេរីយ៉ា ជាដើម ។ ស្ករជាអាហារដ៏សំខាន់សម្រាប់ពលរដ្ឋនីហ្សេរីយ៉ាទាំងអស់ ព្រោះគេបានយកស្ករធ្វើជាគ្រឿងផ្សំសម្រាប់ធ្វើនំប៉័ង ហើយវាមានតម្លៃថោកផងដែរ ប៉ុន្តែនៅពេលស្ករឡើងថ្លៃបែបនេះ បានធ្វើឱ្យអ្នកធ្វើនំប៉័ងសម្រេចចិត្តកាត់បន្ថយចំនួននំអស់ពាក់កណ្តាល ។
យោងតាមរបាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០២៣ ស្ករនៅលើពិភពលោកបានឡើងថ្លៃខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ២០១១ មក ។ មូលហេតុចម្បងដែលបណ្តាលឱ្យតម្លៃស្ករកើនឡើង ដោយសារការផ្គត់ផ្គង់នៅទូទាំងពិភពលោកធ្លាក់ចុះ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតបំផ្លាញផលដំណាំ ជាពិសេស ការផ្គត់ផ្គង់ស្ករនៅប្រទេសឥណ្ឌា និងថៃ ដែលប្រទេសទាំងពីរបាននាំចេញស្ករច្រើនស្ថិតក្នុងលំដាប់ទី២ និងទី៣ របស់ពិភពលោក ។
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប៉ាន់ស្មានថា ការផលិតស្ករនៅទូទាំងពិភពលោកនឹងធ្លាក់ចុះ២% ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២២ ។ ហេតុនេះ វានឹងបណ្តាលឱ្យការផលិតស្ករធ្លាក់ចុះរហូតដល់៣.៥០០លានតោន ។
ទោះយ៉ាងណា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងប្រទេសថៃបានលើកឡើងនាពេលកន្លងមកថា បច្ចុប្បន្ននេះ ស្ករនៅប្រទេសថៃមិនខ្វះខាតទេ ហើយថៃមានស្ករសម្រាប់បរិភោគគ្រប់គ្រាន់នៅក្នុងប្រទេស ។ ចំណែកនៅតាមបណ្តាហាងលក់ទំនិញនានា បើពួកគេឆ្លៀតឱកាសស្តុកទុកផលិតផល ហើយនាំគ្នាដំឡើងថ្លៃផលិតផលដោយខ្លួនឯងនោះ ពួកគេនឹងត្រូវមានទោស ៕ ប្រភព ៖ beartai BRIEF