តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស បានសម្រេចក្តីស្រមៃរបស់ខ្លួនមានឱកាសច្រៀងរួមគ្នាជាមួយតារាចម្រៀង យក់ ថិតរដ្ឋា ជារៀមច្បងក្នុងអាជីពសិល្បៈហើយក៏ជាអាយដលរបស់នាងតាំងពីខ្លួននៅតូចមកម្ល៉េះ។ ទទួលបានក្តីស្រលាញ់និងការឱ្យតម្លៃពីសិល្បករជំនាន់ក្រោយដូចនេះអ្នកនាង យក់ ថិតរដ្ឋា បានពោលពាក្យនេះទៅកាន់ ទេព បូព្រឹក្ស និង ជី ដេវីត។
ការប្រគំតន្រ្តីរបស់ ទេព បូព្រឹក្ស ដែលប្រព្រឹត្តទៅនៅខេត្តបាត់ដំបងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា តារាចម្រៀងរូបនេះបានប្រាប់អ្នកគាំទ្រថា កាលពីខ្លួននៅក្មេងពេលតារាចម្រៀង យក់ ថិតរដ្ឋា ទៅទីណាគឺនាងតាមទៅទីនោះនិងឱ្យម្តាយជូនទៅមើលរហូត ហើយតែងតែមានក្តីស្រមៃ ទោះបីជារាល់ថ្ងៃបាក់ទឹកចិត្តឬគិតថាកន្លែងខ្លះមិនអាចទៅរួចគឺនាងមិនដែលបោះបង់ក្តីស្រមៃនោះចោលទេ។
ទេព បូព្រឹក្ស បានប្រាប់អ្នកគាំទ្ររបស់ខ្លួនទៀតថាកុំបោះបង់ក្តីស្រមៃដូចគ្នា បើសិនជាថ្ងៃមុខចង់បានភាពជោគជ័យដូចពេលនេះជាដើម។ កាលពីមុននាងមានក្តីស្រមៃចង់ច្រៀងលើឆាកជាមួយរៀមច្បង យក់ ថិតរដ្ឋា ទាល់តែបានហើយពេលនេះក្តីស្រមៃរបស់ខ្លួនបានក្លាយជាការពិតដោយសារតែខ្លួនមិនដែលបោះបង់ទោះបីជីវិតរបស់ខ្លួនក្នុងវិថីសិល្បៈជួបបញ្ហាលំបាកខ្លាំងយ៉ាងណាក៏ដោយ។
ក្រោយពីទទួលបានគោរពស្រលាញ់ពីតារាចម្រៀង ទេព បូព្រឹក្ស មកកាន់ខ្លួនអ្នកនាង យក់ ថិតរដ្ឋា ក៏បង្ហាញចំណាប់ដែរថា «បងពិតជារំភើបនិងសប្បាយរីករាយខ្លាំងណាស់ អូន
ទេព បូព្រឹក្ស ហើយក៏អរគុណអូនដែលតែងតែផ្តល់កិត្តិយសនិងក្តីស្រឡាញ់រាប់អានសម្រាប់បងទាំងពីររហូតមកណាប្អូនស្រី N I want to say that’s am really love u n bro Ngoun Chan Davith so much»។ ទន្ទឹមនឹងពាក្យពេចន៍នេះអ្នកនាង យក់ ថិតរដ្ឋា ក៏បានតាំងរូបCoverជាមួយ ទេព បូព្រឹក្ស ផងដែរ។
តារាចម្រៀង យក់ ថិតរដ្ឋា ជាតារាចម្រៀងជើងចាស់មួយរូបនៅក្នុងវិថីសិល្បៈទោះបីជាធ្លាប់ផ្អាកពីអាជីពនេះច្រើនឆ្នាំក្តីប៉ុន្តែតារាចម្រៀងរូបនេះនៅតែវិលមកបំរើការងារនេះវិញដដែល។ ទន្ទឹមនឹងការងារសិល្បៈអ្នកនាង យក់ ថិតរដ្ឋា បច្ចុប្បន្នមានកូនប្រុសស្រី៣នាក់ហើយគ្រួសាររបស់នាងពេញដោយសុភមង្គលពុំដែលមានរឿងអាស្រូវពីជីវិតគូឡើយ៕